(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានអះអាងថា សហរដ្ឋអាមេរិក​មិនបាន​បន្ទោសចិន​ ចំពោះសកម្មភាពបង្ក​រឿងរបស់កូរ៉េខាងជើង​នៅលើឧបទ្វីប​កូរ៉េនោះទេ។ ប៉ុន្តែបើគេចាំមិនភ្លេចទេ កាលពីប៉ុន្មានថ្ងៃមុននេះ លោក ដូណាល់ ត្រាំ បានបង្ហាញ​ការសោកស្ដាយ និងបន្ទោស​ទីក្រុងប៉េកាងត្រង់ៗ​តែម្ដងថា មិនបានជួយអ្វីទាល់តែ​សោះក្នុងការទប់ស្កាត់ ទីក្រុងព្យុងយ៉ាង មិនឱ្យធ្វើតេស្ដមីស៊ីល ខណៈដែលចិនបានរកស៊ីចំណេញពីអាមេរិក រាប់ពាន់លានដុល្លារ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។

«ដើម្បីសម្រេច​វត្ថុបំណង​លុបបំបាត់​អាវុធនុយក្លេអ៊ែរ នៅលើតំបន់​ឧបទ្វីបកូរ៉េ សហរដ្ឋអាមេរិក​ត្រូវការចិន​ជាដៃគូធ្វើការ ហើយ​សហរដ្ឋអាមេរិក​មិនបានបន្ទោសចិន​​ ពាក់ព័ន្ធនឹងស្ថានភាព ឧបទ្វីប​កូរ៉េបច្ចុប្បន្ន​ឡើយ»។ នេះជា​ការលើកឡើង​របស់ លោក ធីល្លឺសុន នៅក្នុងសន្និសីទសារព័ត៌មាន​ខ្លីមួយកាលពី​ថ្ងៃអង្គារ (ម៉ោងនៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន)។ ក៏ប៉ុន្តែ​ការលើក​ឡើងបែប នេះគឺផ្ទុយ​ទំាងស្រុងទៅ​នឹងប្រធានាធិបតី​អាមេរិក លោក ដូណាល់​​ ត្រាំ ដែលបាន​បន្ទោសចិន​ចំៗ សម្រាប់ការ​បណ្ដោយឱ្យកូរ៉េខាងជើង​ បង្ករឿង​នៅក្នុងតំបន់។

លោក ត្រាំ នៅក្នុងប្រអប់​បញ្ចេញ​មតិលើ Twitter កាលពី​សប្ដាហ៍មុន បាននិយាយ​យ៉ាងដូច្នេះថា «ខ្ញុំពិតជា​មានការសោកស្ដាយ​ណាស់ ចំពោះចិន... មេដឹកនាំធ្ងន់ខ្លៅរបស់យើងមុនៗ បានអនុញ្ញាត​ឱ្យពួកគេ (ចិន) ចំណេញ​លុយរាប់ពាន់លានដុល្លារ​ក្នុងមួយឆ្នាំៗ ពីការធ្វើ​ពាណិជ្ជកម្ម​ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែពួកគេ​មិនបានធ្វើអ្វី​ទាល់តែសោះ​សម្រាប់ពួកយើង​ជាមួយ​កូរ៉េខាងជើង, បានតែ​និយាយ»។​

គួរបញ្ជាក់ថា កាលពី​ខែកក្កដា​កូរ៉េខាងជើង បានបាញ់សាកល្បង​មីស៊ីល ICBM ចំនួនពីរលើក រីឯក្រុមអ្នកជំនាញមួយចំនួន​យល់ថា តាម​រយៈការធ្វើតេស្ដ​ទាំងនេះ ទីក្រុងព្យុងយ៉ាង​អាចនឹង មានមីស៊ីល​ឆ្លងទ្វីបបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ បាញ់ដល់​សហរដ្ឋអាមេរិក​យ៉ាងយូរ​នៅឆ្នាំ២០២០។ ប៉ុន្តែ​យ៉ាងណា លោក រិច ធីល្លឺសុន នៅតែសង្ឃឹមថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើង​អាចអង្គុយចរចា​ជាមួយគ្នា ហើយថា ទីក្រុងវ៉ាស៊ីនតោន​គ្មាន​បំណងផ្លាស់ប្ដូរ ឬផ្ដួលរំលំរបបដឹកនាំ​នៅកូរ៉េខាងជើង​ឡើយ៕