(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងធ្វើ​សង្រ្គាមជាមួយ​កូរ៉េខាងជើង បើសិនជារបបកុម្មុយនីស្ដ​មួយនេះ នៅតែបន្តគំរាមកំហែង​សហរដ្ឋអាមេរិក ដោយអាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​ឆ្លងទ្វីប ICBM។ នេះបើតាម​សមាជិកព្រឹទ្ធសភា​បក្សសាធារណៈរដ្ឋ លោក Lindsey Graham ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះរបស់ លោក Lindsey Graham ធ្វើឡើងនៅក្នុង​បទសម្ភាសន៍​ជាមួយស្ថានីយ៍​ទូរទស្សន៍ NBC។ លោក Lindsey Graham បញ្ជាក់នៅក្នុ​ងកិច្ចសម្ភាសន៍​នោះយ៉ាង​ដូច្នេះថា «​វាអាចនឹង​មាន​សង្រ្គាមជាមួយ​កូរ៉េខាងជើង បើសិនជា​ពួកគេនៅ​តែ​បន្តព្យាយាម​ ចង់វាយប្រហារ​ដោយ​មីស៊ីល ICBM ប្រឆាំងនឹង​សហរដ្ឋអាមេរិក... គាត់ (លោក ត្រាំ) បានប្រាប់ខ្ញុំ​ដូច្នេះ ខ្ញុំជឿជាក់​លើគាត់។ បើខ្ញុំជាចិន​ក៏ខ្ញុំនឹងជឿជា​ក់លើគាត់ដែរ ហើយនឹងធ្វើអ្វី​មួយជាមិនខាន... អ្នកអាចបញ្ឈប់​កូរ៉េខាងជើង តាមរយៈកម្លាំង​យោធា និងការទូត ខណៈការប្រើប្រាស់ កម្លាំងយោធា​នៅតែជាជម្រើស​មួយ ដើម្បីបំផ្លាញ​កម្មវិធីនុយក្លេអ៊ែរ​កូរ៉េខាងជើង ឬក៏ទីក្រុងព្យុងយ៉ាង​បំផ្លាញវាដោយ​ខ្លួនឯង»។ លោក Lindsey Graham បន្ថែមទៀតថា «ខ្ញុំពិតជាចង់ ដោះស្រាយបញ្ហា​តាមវិធានការការទូត ក៏ប៉ុន្តែយើងមិន​អាចអនុញ្ញាត​កូរ៉េខាងជើង មានមីស៊ីលបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ ដែលអាចវាយប្រហារ​លើសហរដ្ឋអាមេរិក​បានជា​ដាច់ខាត»

គួរបញ្ជាក់ថា កាលពីខែកក្កដា​កូរ៉េខាងជើង បានបាញ់សាកល្បង​មីស៊ីល ICBM ចំនួនពីរលើក រីឯក្រុមអ្នក​ជំនាញមួយ​ចំនួនយល់ថា តាមរយៈការធ្វើតេស្ដ​ទាំងនេះ ទីក្រុងព្យុងយ៉ាង អាចនឹងមាន​មីស៊ីលឆ្លងទ្វីប​បំពាក់ក្បាល​គ្រាប់នុយក្លេអ៊ែរ បាញ់ដល់​សហរដ្ឋអាមេរិកយ៉ាង​យូរ​នៅឆ្នាំ២០២០៕