(វ៉ាស៊ីនតោន)៖ កុំថាឡើយមិនត្រូវរ៉ូវ​គ្នាចំពោះបញ្ហា​នៅក្នុងស្រុក សូម្បីតែបញ្ហា​កូរ៉េខាងជើង ក៏ក្រុមមន្ត្រីជាន់​ខ្ពស់​​អាមេរិករបស់ លោក ដូណាល់ ត្រាំ បង្ហាញការខ្វែងគំនិតគ្នា​ផងដែរ ជុំវិញ សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ រដ្ឋមន្ត្រីការ​បរទេសអាមេរិក លោក រិច ធីល្លឺសុន បានលើកឡើង​ពីក្ដីសង្ឃឹមជា​ថ្មីថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង​អាចនឹងរៀបចំ​កិច្ចសន្ទនា​ការទូត បើទោះបីជា​កូរ៉េខាងជើងកាន់តែផ្គើន​បាញ់សាកល្បង​មីស៊ីលផ្លោង​ក៏ដោយ ក៏ប៉ុន្តែមន្ត្រីតំណាងអាមេរិក​នៅ UN បែរជាបង្ហាញទស្សនផ្ទុយគ្នាទៅវិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​អ្នកសារព័ត៌មាន​ក្នុងទីក្រុង​វ៉ាស៊ីនតោន លោក ធីល្លឺសុន បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «យើងមិនមាន​បំណងចង់​ផ្លាស់ប្ដូរ ឬផ្ដួលរំលំ​របបដឹកនាំនៅ​កូរ៉េខាងជើង​ឡើយ ហើយយើង ក៏មិនបាន​កំពុងស្វែង​រកការបង្រួបបង្រួម​ឧបទ្វីប​កូរ៉េឡើងវិញ ឬក៏ប្រើប្រាស់​លេសណាមួយ​ បញ្ជូនកងទ័ពរបស់យើង​បន្ថែមទៅកាន់​តំបន់ប៉ែកខាងជើង​នៃខ្សែស្រប​ទី៣៨ដែរ... ត្បិតយើងមិន មែនជាសត្រូវរបស់​អ្នក(កូរ៉េខាងជើង) ប៉ុន្តែអ្នកបែរ​ជាបង្កការ​គំរាមកហែង​ដល់យើង​ទៅវិញ... យ៉ាងណាក៏​ដោយ​យើងនៅតែសង្ឃឹមថា កូរ៉េខាងជើង អាចនឹងយល់​នៅថ្ងៃណា​មួយ ហើយយើង​ពិតជាចង់អង្គុយ​ចរចាជាមួយ​នឹងពួកគេ»

តែទោះជា​យ៉ាងនេះក្ដី ការលើកឡើង​របស់ លោក ធីល្លឺសុន គឺផ្ទុយទំាងស្រុង​ទៅនឹងការលើក​ឡើងដោយ​ អគ្គរដ្ឋទូតអាមេរិក​ប្រចាំ UN លោកស្រី Nikki Haley ដែលបានអះអា​ថា កិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង បានដើរដល់​ទីបញ្ចប់។ ជាងនេះទៅទៀត ស្របពេល​រដ្ឋមន្ត្រីការបរទេស​រូបនេះ និយាយពី​កិច្ចសន្ទនា កងទ័ពអាកាស​អាមេរិក​ឯណោះវិញ បានបង្ហាញពី​ផែនការបញ្ជូន​យន្ដហោះ​ចម្បាំង F-16 ១២គ្រឿង និងកងទ័ព​អាកាស ២០០នាក់ បន្ថែមទៅកាន់​កូរ៉េខាងត្បូង យ៉ាងយូរនៅក្នុង​ខែសីហានេះ៕