(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកទីបំផុត​បានអនុម័ត​ទទួលស្គាល់ លោក Christopher A. Wray ធ្វើជានាយក​នៃការិយាល័យស៊ើប​អង្កេតសហព័ន្ធ​ (FBI) ហើយ បន្ទាប់ពីមេ FBI ចាស់គឺលោក James Comey ត្រូវបានប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បណ្តេញចេញពី​តំណែងកាលពី​ប៉ុន្មានខែមុន។ នេះ​បើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។

លោក Wray ជាមួយនឹង​សំឡេងគាំទ្រ ៩៥-៥ នឹងចូលមកជំនួស​តំណែងរបស់ លោក James Comey ដែលត្រូវបញ្ឈប់​ពីតួនាទីយ៉ាង​តក់ក្រហល់ ដោយ​​ប្រធា​នាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែឧសភា​កន្លងទៅ ស្របពេលដែល​ក្រុមភ្នាក់ងារស៊ើបអង្កេត កំពុងតាមស្វែងខ្សែ​ចំណងទាក់ទង​រវាង​ក្រុមយុទ្ធនាការ​បោះឆ្នោតរបស់​ លោក ត្រាំ និងរដ្ឋាភិបាល​ប្រទេស​រុស្ស៊ី។

គួរបញ្ជាក់ថា កាលពីមិថុនា លោក Christopher Wray ត្រូវបានជ្រើសតាំង​ដោយ លោក ដូណាល់ ត្រាំ ដើម្បីមកស្នងតំណែង​ពី លោក Comey ជានាយកថ្មី​របស់ FBI ហើយនៅក្រោមច្បាប់​របស់​សហរដ្ឋអាមេរិក នាយក FBI រូបនេះ​នឹងត្រូវកាន់តួនាទីរបស់ខ្លួន​សម្រាប់រយៈពេល ១០ឆ្នាំ៕