(ប៉េកាំង)៖ ទីបំផុតចិនបានបើកសម្ពោធជាផ្លូវការនូវ មូលដ្ឋានយោធាក្រៅប្រទេសដំបូងបង្អស់របស់ខ្លួនហើយ ដែលមានទីតាំងនៅ​ក្នុងប្រទេស Djubouti ភាគ​ខាងកើតទ្វីបអាហ្រ្វិក បន្ទាប់ពីបានបញ្ជូនកងទ័ព​​របស់ខ្លួន ទៅឲ្យត្រៀមរៀបចំ​​នៅទីនោះ​ កាលពី​​ខែកក្កដាកន្លងទៅ។ នេះបើតាមការចេញផ្សាយ​ដោយ​ទីភ្នាក់​ងារព័ត៌មាន Russia Today (RT) នៅព្រឹកថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។

ចិនបានចាប់ផ្តើម​សាងសង់មូលដ្ឋាន​ដឹកជញ្ជូន​យោធា​មួយកន្លែង នៅក្នុង​ប្រទេស Djibouti កាលពីឆ្នាំមុន។ វានឹងត្រូវប្រើប្រាស់​ដើម្បីផ្តល់ការផ្គត់ផ្គង់​ដល់​នាវាយោធា ដែល​ចូលរួមក្នុង​បេសកកម្មថែរក្សា​សន្តិភាព ក៏ដូចជា​មនុស្សធម៌ ជាពិសេសនៅក្បែរ​ឆ្នេរសមុទ្រ នៃប្រទេសយេម៉ែន និងសូម៉ាលីតែម្តង។ វាគឺជា​មូលដ្ឋាន​យោធា​ជើងទឹក ដែលស្ថិតនៅឯក្រៅប្រទេសដំបូងបំផុតរបស់ចិន ទោះបីជាទីក្រុង​ប៉េកាំង​បានហៅមូលដ្ឋាន​នេះ​ជាផ្លូវការថា ជាទីតាំងដឹក​ជញ្ជូន​មួយ​ប៉ុណ្ណោះ​យ៉ាងណាក្តី។

យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋរបស់ចិន មនុស្សជាង ៣០០នាក់ បានចូលរួមក្នុងពិធីសម្ពោធមូលដ្ឋានទ័ព​នេះ ដោយរួមមាន​ទាំងមេបញ្ជាការ​រងកងទ័ពជើង​ទឹក​ចិន លោក Tian Zhong និងរដ្ឋមន្រ្តី​ការពារជាតិ Djibouti ផងដែរ ហើយមូលដ្ឋាន​នេះ នឹងអនុញ្ញាតឲ្យ​ចិនធ្វើការគាំទ្រ​ដល់កងនាវាល្បាត​របស់ខ្លួន នៅក្នុង​ដែនទឹកក្បែរ​ប្រទេស​សូម៉ាលី និងយេម៉ែន ក៏ដូចជាការបំពេញ​កាតព្វកិច្ចមនុស្សធម៌អន្តរជាតិ​ផ្សេងៗថែម​ទៀតផង។

គួរបញ្ជាក់ថា ប្រទេស Djibouti ដែលមាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ប្រទេសវែលស៍ ស្ថិតនៅច្រកភាគខាងត្បូង​នៃសមុទ្រក្រហម ដែល​នៅលើផ្លូវ​ទៅ​ឆ្ពោះ​ទៅ​កាន់​ព្រែក​​ជីក​ស៊ុយអេ។ ប្រទេសដ៏​តូចមួយនេះ ដែលមានទីតាំង​នៅចន្លោះប្រទេស Ethiopia, Eritrea, និង សូម៉ាលី ក៏ជាកន្លែងបោះ​មូលដ្ឋានរបស់​សហរដ្ឋអាមេរិក ជប៉ុន និងបារាំង​ផងដែរ។

ទីតាំងភូមិសាស្រ្ត​របស់​ប្រទេស Djibouti នៅចុងភាគពាយ័ព្យ​នៃមហាសមុទ្រឥណ្ឌា បានបង្កក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំងនៅក្នុងប្រទេស​ឥណ្ឌា​ថា វានឹងក្លាយជា «ខ្សែគុជសម្ព័ន្ធ​មិត្តយោធា» មួយផ្សេងទៀត​របស់ចិន ដែលនៅព័ទ្ធ​ជុំវិញប្រទេសឥណ្ឌា រួមមានទាំង​បង់ក្លាដែស មីយ៉ាន់ម៉ា និងស្រីលង្កា​ផងដែរ៕