(សេអ៊ូល)៖ កងកម្លាំងទ័ពអាកាសអាមេរិក គ្រោងនឹងបញ្ជូនយន្ដហោះចម្បាំង F-16 ​១២គ្រឿងបន្ថែមទៀតសម្រាប់ការដាក់​ពង្រាយរយៈ​ពេល០៤ខែនៅលើទឹកដីកូរ៉េខាងត្បូង។ ការសម្រេច ចិត្តបែបនេះ ធ្វើឡើងនៅចំពេលដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េ កាន់តែតានតឹងឡើង ក្រោយកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោង ICBM លើកចុងក្រោយកាលពីថ្ងៃសុក្រសប្ដាហ៍ មុន។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។

យោងតាមកងកម្លាំងទ័ពអាកាសអាមេរិក យន្ដហោះចម្បាំង F-16 ​១២គ្រឿង និងកងទ័ពអាកាស ២០០នាក់ នឹងត្រូវដកចេញ​ពីកងអង្គភាព​ទ័ពអាកាសទី១៧៦ នៃឆ្មាំការពារដែនអាកាស ក្នុងរដ្ឋ Wisconsin ហើយពួកគេនឹងមកដល់កូរ៉េខាងត្បូង យ៉ាងយូរនៅក្នុងខែសីហានេះ ដើម្បីឈរជើងរយៈពេល០៤ខែ នៅឯមូលដ្ឋានទ័ពអាកាស Kunsan ស្ថិតនៅចំងាយប្រមាណជា ១៨០គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូល។ ក៏ប៉ុន្តែ គួរឱ្យកត់សម្គាល់ ការបញ្ជូនកងទ័ព និងយន្ដហោះចម្បាំងបន្ថែមនេះ ធ្វើឡើងក្រោយទីក្រុងវ៉ាស៊ីនតោន រំពឹងថាទីក្រុងព្យុងយ៉ាង អាចនឹងបំផ្ទុះ ក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ ឬក៏ធ្វើតេស្ដមីស៊ីលផ្លោងជាថ្មីនៅក្នុងពេលឆាប់ៗនេះ ខណៈអគ្គរដ្ឋទូតអាមេរិកប្រចាំ UN បញ្ជាក់ថាការពិភាក្សាជាមួយរបបដឹកនាំលោក គីម ជុងអ៊ុន បានដើរដល់ទីបញ្ចប់ហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិក បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកធុន B-1B ពីរគ្រឿងឱ្យទៅហោះឆ្វែលលើឧបទ្វីបកូរ៉េ ក្រោមក្របខណ្ឌនៃការធ្វើសមយុទ្ធយោធាដែន អាកាសជាមួយកូរ៉េខាងត្បូង និងជប៉ុន ជាការសម្ញែងសាច់ដុំដាក់ និងឆ្លើយតបដោយ​ផ្ទាល់​ទៅកាន់កូរ៉េខាងជើង ដែលបានបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើកទី០២ ក្នុង ខែកក្កដា កាលពីយប់ថ្ងៃសុក្រ៕