(ការ៉ាកាស់)៖ ជារឿងមិនធម្មតាឡើយសម្រាប់វេណេស៊ុយអេឡាក្នុងតំណាក់កាលនេះ ដោយក្រោយពីការបោះ​ឆ្នោតសមាជិកសភាធម្មនុញ្ញថ្មីកាលពីថ្ងៃអាទិត្យនោះ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុត មកលើរដ្ឋាភិបាលប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ ខណៈអាជ្ញាធរទីក្រុងការ៉ាកាសបានសម្រេចចាប់ខ្លួន​មេបក្សប្រឆាំងធំៗចំនួនពីររូប ដើម្បីត្រៀមចាត់ការទៅតាមនីតិវិធី ក្រោយគណបក្សដឹកនាំរដ្ឋាភិបាលប្រកាស​ខ្លួនឯងថា ទើបឈ្នះឆ្នោតដែលអាចធ្វើការកែប្រែអ្វីៗគ្រប់យ៉ាងក្នុងប្រទេស។ នេះបើតាមការសរុប​ព័ត៌មានចុង​ក្រោយ នារសៀលថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។

ក្រសួង​រតនាគារជាតិ​អាមេរិក​បានប្រកាសថា ខ្លួនបាន​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយថែមទំាង​ចាត់ទុកដែរថា សភា​ធម្មនុញ្ញថ្មី​ដែលទើបតែជាប់ឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ គឺជាស្ថាប័ន​ខុសច្បាប់។ សភាធម្មនុញ្ញថ្មី​នេះ គឺមានសិទ្ធិ​អំណាចកែ​រដ្ឋធម្មនុញ្ញ រហូតដល់​រំលោយសភា​របស់គណបក្ស​ប្រឆាំង​ទៀតផង។

យោងតាមការធ្វើបច្ចុប្បន្នភាព​លើបញ្ជីខ្មៅ​របស់ខ្លួន បន្ទាប់ពី​បានដាក់ទណ្ឌកម្ម​លើមន្ត្រីជាន់ខ្ពស់​នៃរដ្ឋាភិបាល លោក ម៉ាឌូរ៉ូ ១៣នាក់ ការិយាល័យគ្រប់គ្រង​ទ្រព្យសម្បត្តិបរទេស​ នៃក្រសួង​រតនាគារជាតិ​អាមេរិក​បានបញ្ជាក់ថា លោក ម៉ាឌូរ៉ូ ត្រូវបានដាក់បញ្ចូល​បន្ថែមក្នុង​បញ្ជីខ្មៅ ដែលនេះ​មានន័យថា ទ្រព្យសម្បត្តិ​របស់លោក​នៅសហរដ្ឋអាមេរិក​ទាំងអស់ត្រូវបាន​បង្កក ហើយពលរដ្ឋ​អាមេ រិក​ទាំងអស់មិន​អាចធ្វើពាណិជ្ជកម្ម​ ជាមួយប្រធានាធិបតី​រូបនេះ​ទេ។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួង​រតនាគារជាតិ លោក Steven Mnuchin ក៏បានអះអាង​ដែរថា សេតវិមាន​បានចាត់​ទុកថា ការបោះឆ្នោត​សភាធម្មនុញ្ញ គឺផ្ទុយទៅនឹងច្បាប់ រីឯលោក ម៉ាឌូរ៉ូ ជាអ្នក​ទទួលខុស​ត្រូវទាំងស្រុង។

បើទោះជាមាន​ការជំទាស់ពី​គណបក្សប្រឆាំង និងការគំរាមដាក់​ទណ្ឌកម្មពីសហរដ្ឋអាមេរិក​ក៏ដោយ នៅទីបំផុត​សភាធម្មនុញ្ញ​ថ្មីមួយ នៅតែត្រូវបាន​បង្កើតឡើង​តាមការចង់បាន របស់ លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយ​ប្រជាជន​វេណេស៊ុយអេឡា ៤១.៥ភាគរយ ឬ៨លាននាក់ បានទៅបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ជ្រើសរើស​សមាជិកសភា​ធម្មនុញ្ញថ្មីទំាង ៥៤៥នាក់។ ក៏ប៉ុន្តែគ្រាន់​តែឈ្នះឆ្នោតភ្លាម លោក ម៉ាឌូរ៉ូ បានបង្ហាញពី​បំណងប្រាថ្នា​ទីមួយ ទៅកាន់សភា​ធម្មនុញ្ញថ្មីឱ្យ​ដកអភ័យ​ឯកសិទ្ធិ របស់សមាជិក​សភាពបក្សប្រឆាំង​មួយចំនួន ដើម្បីយកមក កាត់ទោស​តាមផ្លូវច្បាប់​នូវអី្វដែលលោកផ្ទាល់​ចោទថា តំណាងរាស្រ្ដ​បក្សប្រឆាំង​បានព្យាយាម​ធ្វើរដ្ឋប្រហារ​សភា និងញុះញង់​ឱ្យមានបាតុកម្មតវ៉ា​ប្រឆាំងនឹង រដ្ឋាភិបាល​នៅទូទំាងប្រទេស ដែលបានបណ្ដាល​ឱ្យមនុស្សយ៉ាង​ហោច​ណាស់ ១២០នាក់ បាត់បង់ជីវិត ក្នុងបាតុកម្មតវ៉ា​អស់រយៈពេលជាង ០៤ខែមកនេះ។

អ្វីដែលកាន់តែបង្កឲ្យមានភាពចលាចលបន្ថែមទៀតនោះ គឺមេបក្សប្រឆាំងធំៗនៅវេណេស៊ុយអេឡាចំនួនពីររូប ត្រូវបានអាជ្ញាធរសម្រេចចាប់ខ្លួនចាប់ខ្លួនជាថ្មី ពីបទចោទប្រកាន់ថា បានញុះញង់ឲ្យមានបាតុកម្មដ៏ហិង្សាប្រឆាំង​នឹងរដ្ឋាភិបាល ដូចអ្វីដែលពួកគេធ្លាប់បាន​ទទួលរង​ការចោទប្រកាន់​កាលពីឆ្នាំ២០១៤ និងត្រូវបានឃុំឃាំងជាបណ្តោះអាសន្នក្នុងលំនៅឋាន ក្រោយពីការបោះឆ្នោត​សភាធម្មនុញ្ញកាលពីពីរថ្ងៃមុននេះ បានបង្ហាញ​លទ្ធផលជាបឋមថា គណបក្សលោក នីកូឡាស់ ម៉ាឌូរ៉ូ គឺជាអ្នកឈ្នះ។

សម្រាប់មេដឹកនាំ​បក្សប្រឆាំងល្បីៗ​ទាំងពីររូបខាងលើនេះ គឺលោក Leopoldo López និងលោក Antonio Ledezma ដែលត្រូវបានអាជ្ញាធរ​វេណេស៊ុយអេឡាអះអាងថា បានធ្វើការប្រកូកប្រកាស ឲ្យក្រុមប្រឆាំងរបស់ខ្លួន ចេញមកដង្ហែតាមដងផ្លូវ ដើម្បីប្រឆាំងទៅនឹង​ការបោះឆ្នោតជ្រើសតាំងសមាជិក​សភាធម្មនុញ្ញថ្មី។ សារព័ត៌មាន​ BBC បានបញ្ជាក់យ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃមុនការបោះឆ្នោត លោក Lopez បានបង្ហោះវីដេអូមួយក្នុង Youtube ដើម្បីអំពាវនាវឲ្យប្រជាជនវេណេស៊ុយអេឡា ចេញដង្ហែតាមដងផ្លូវដើម្បីសម្តែងការប្រឆាំង»។

គួរបញ្ជាក់ថា មេដឹកនាំក្រុមប្រឆាំងដ៏ល្បីឈ្មោះទាំងពីររូបខាងលើនេះ ធ្លាប់បានទទួលរងការកាត់ទោសម្តងរួចទៅ​ហើយ​កាលពី​ឆ្នាំ២០១៤ ដោយអ្នកទាំងពីរទើបត្រូវបានបញ្ជូនពីពន្ធនាគារយោធា ទៅកាន់លំនៅឋាន​ពួកគេ​ដើម្បី​ឃុំខ្លួនកាលពីថ្ងៃទី០៨ ខែកក្កដា កន្លងទៅថ្មីៗនេះ។ ប៉ុន្តែការចាប់ខ្លួនជាថ្មីក្រោយ​ការបោះឆ្នោត​សភាធម្មនុញ្ញពីរ​ថ្ងៃមកនេះ គេនៅមិន​ទាន់ដឹងថា តើអាជ្ញាធរ​វេណេស៊ុយអេឡា នឹងធ្វើការចោទប្រកាន់​អ្វីទៀតនោះឡើយ ខណៈស្ថានការណ៍​នៅវេណេស៊ុយអេឡា​នាពេល កំពុងស្ថិតនៅក្នុង​ភាពផុយ​ស្រួយបំផុត ក្រោមក្រសែភ្នែក​ដ៏មុតស្រួចរបស់​អាមេរិក និងអន្តរជាតិ៕