(វ៉ាស៊ីនតោន)៖ កងទ័ពអាមេរិក​កំពុងរៀបចំគម្រោង ដើម្បីធ្វើតេស្តបាញ់មីស៊ីលផ្លោងអន្តរទ្វីប ICBM ចំនួនមួយគ្រាប់​បន្ទាប់ពីកូរ៉េខាងជើង​បានធ្វើតេស្ត​មីស៊ីល​​ផ្លោង ICBM ដោយជោគជ័យ​ជាលើកទីពីរ កាលពីយប់ថ្ងៃសុក្រ​សប្តាហ៍មុន។ នេះបើតាម​ការចេញផ្សាយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃ​អង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។

មីស៊ីល MInuteman III ដែលជាមីស៊ីល ICBM បាញ់ចេញពីផ្ទៃដីតែ​មួយគត់​របស់សហរដ្ឋអាមេរិក ត្រូវបានគេកំណត់ថា នឹង​​បាញ់សាកល្បង​ចេញពី​មូល​ដ្ឋាន​​ទ័ពអាកាស Vandenberg ដែលស្ថិតក្នុងរដ្ឋកាលី​ហ្វរញ៉ា នាចន្លោះវេលា​ម៉ោង ០០៖០១នាទីយប់ និង ០៦៖០១នាទីព្រឹកថ្ងៃពុធ​សប្តាហ៍នេះ។ ការធ្វើ​តេស្ត​​មីស៊ីល ICBM នេះ​ត្រូវបានរចនា​ឡើង ដើម្បីផ្ទៀងផ្ទាត់ និងត្រួតពិនិត្យ​ទៅលើ​ប្រសិទ្ធភាព, សមត្ថភាព​ប្រុងជើងការ, និងភាពត្រឹមត្រូវ​ច្បាស់លាស់ នៃប្រព័ន្ធ​​សព្វាវុធនេះ។

គួរបញ្ជាក់ថា ការធ្វើតេស្តខាងលើ​នឹងក្លាយជាការ​ធ្វើតេស្ត​មីស៊ីល ICBM Minuteman III លើកទីបួន​ហើយ ដែលបាញ់ចេញ​ពី​មូលដ្ឋាន Vandenberg ក្នុង​​ឆ្នាំ​២០១៧នេះ ហើយវានឹង​ត្រូវធ្វើឡើងតែ​ប៉ុន្មានថ្ងៃ ក្រោយពីជោគជ័យ​នៃការធ្វើ​តេស្តបាញ់​មីស៊ីលផ្លោងឆ្លងទ្វីប​ លើកទីពីរ​របស់ប្រទេស​កូរ៉េខាងជើង កាលពី​ថ្ងៃសុក្រសប្តាហ៍​មុនប៉ុណ្ណោះ៕