(អាមេរិក)៖ ក្រុមហ៊ុនមួយ​មានមូលដ្ឋាន​នៅទីក្រុង Houston សហរដ្ឋអាមេរិក នឹងជួយបញ្ជូន​អដិ្ឋធាតុរបស់​មនុស្សទៅកាន់​ទីអវកាស នៅក្នុងតម្លៃ​ដែលពួកគេ​​អះអាងថា សមរម្យ គឺ១២,៥០០ដុល្លារ​ក្នុងមួយក្រាម ហើយប្រសិន​បើពួកគេគិតថា វាថ្លៃខ្ពស់ខ្លាំងពេក​អ្នកអាចប្រើប្រាស់​កោដ ដែល​អាចផ្ទុកធាតុ​ពួកគេបាន​ទម្ងន់ ៨៥ក្រាម ដើម្បីឲ្យគេបញ្ជូនទៅកាន់គន្លង​គោចរកម្រិតទាប​របស់ផែនដី ដោយចំណាយ​ត្រឹមតែ ៥,០០០ដុល្លារប៉ុណ្ណោះ ជាទីដែលធាតុ​របស់ពួកគេនោះ​ នឹងនៅរសាត់​អណ្តែតសម្រាប់​រយៈពេល​ប៉ុន្មានឆ្នាំ មុនត្រូវបានទំនាញទាញ​ចូលទៅភពផែនដីវិញ ហើយឆេះរលាយអស់នា​ពេលនោះ។ នេះបើតាមការ​ចេញ​ផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី០១ សីហា ឆ្នាំ២០១៧។

សេវាបញ្ចុះធាតុនៅទីអវកាសបែបនេះ បាននិងកំពុងតែបន្តមានការពេញនិយម​ខ្លាំង និងក្រុមហ៊ុន​ទើបបង្កើតថ្មី​ដូចជា Celestis ដែលធ្លាប់បញ្ជូនធាតុ​របស់​មនុស្ស​បាន​មួយចំនួន​ផងដែរ ទៅកាន់គន្លង​គោចរ​ផែនដី គិតចាប់តាំង​ពីពួកគេ​បានចាប់ផ្តើម​ប្រតិបត្តិការ កាលពី​ឆ្នាំ២០១៥​មកនោះ ក៏បាន​ចេញមកថ្លែង​​ពាក់ព័ន្ធ​អំពីរឿងនេះ។ នាយក​ប្រតិបត្តិ (CEO) របស់ Celestis លោក Charles Chafer បានលើក​ឡើងថា ក្រុមហ៊ុនរបស់​លោក​មានបំណងបញ្ជូនធាតុ​របស់​ប្រជាពលរដ្ឋ​អាមេរិកឲ្យ​បានចំនួន ៥០០នាក់ ទៅកាន់ផ្នូរដែល​ស្ថិតនៅត្រឹម​គន្លងគោចរ​របស់យើង ឬក៏លំហអាកាស​ឆ្ងាយៗ ក្នុងឆ្នាំ២០១៧នេះ។

ក្រុមហ៊ុន Celestis បានចាប់ដៃគូ​ជាមួយសេវារៀបចំ​ពិធីបុណ្យសព Argos ជាក្រុមហ៊ុន​ផ្តល់សេវា​រៀបចំពិធីបុណ្យ​សព​ដំបូងគេ ដែលទទួល​បានការ​អនុ​ញ្ញាត​ក្នុងការបញ្ជូនធាតុ​របស់មនុស្ស​ទៅកាន់​ឋានព្រះច័ន្ទ។ បណ្តាធាតុ​របស់អ្នក​មានស្តុកស្តម្ភ និងចម្លែកៗ ដែលប្រាថ្នា​ចង់ឲ្យគេបញ្ចុះធាតុ​របស់ខ្លួន នៅលើឋាន​​ព្រះច័ន្ទ នឹងត្រូវធ្វើ​ដំណើរតាមជើង​ហោះហើរឯកជន​ររបស់​ក្រុមហ៊ុន Moon Express។ បន្ទាប់​មកទៀត យានចុះចត​នៅឋានព្រះច័ន្ទ នឹងនាំយកធាតុ​ទាំង​នោះ​ ក៏ដូចជា DNA ទៅកាន់ទីកន្លែង​អចិន្រ្តៃយ៍​ចុងក្រោយ​របស់ពួកគេ។ លោក Chafer បាន​និយាយថា «វាគ្មានអ្វីប្លែក​ខុសខ្លាំង​នោះឡើយ ពីការបាចធាតុ​នៅ​​ឯ​ផ្ទៃ​សមុទ្រ​​នោះ​។ មនុស្សទាំង​អស់គ្នា មិនអាចជៀសផុត​ពីសេចក្តីស្លាប់​នោះទេ ដូច្នេះហើយមុខ​ជំនួញនេះគឺជាទីផ្សារ​ដ៏ធំសម្បើមមួយ»

គួរបញ្ជាក់ថា ជាទូទៅ​មនុស្សពេញវ័យម្នាក់​នឹងបន្សល់ទុកនូវធាតុ ដែលមានទម្ងន់ ២,២៦៨ក្រាម នៅពេលដែល​ត្រូវបានបូជា ប្រការហេតុនេះ​វានឹងត្រូវ​ចំណាយ​លុយរាប់​សិបលានដុល្លារ ដើម្បីអាចបញ្ចុះធាតុ​នៃមួយតួខ្លួនមនុស្សយើង​ទាំងមូល នៅឯទីអវកាស​បាន៕