(ប៉េកាំង)៖ ចិនស្រឡាញ់​ណាស់សន្តិភាព ក៏ប៉ុន្តែនឹងមិនអនុញ្ញាតឲ្យ​ការស្រឡាញ់នេះ ប៉ះពាល់ដល់​ដែន​អធិបតេយ្យភាព សន្តិសុខ និងការអភិវឌ្ឍ​ជាតិ​​​ជា​ដាច់ខាត។ នេះបើតាម​ការសង្កត់ធ្ងន់​របស់​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងឱកាស​អបអរខួប៩០ឆ្នាំ​នៃថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន PLA ដក​ស្រង់សម្តី​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​​អង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។

លោក ស៊ី ដែលមានតំណែង​ជាអគ្គលេខាធិការ នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន និងជាប្រធាន​នៃគណៈកម្មការយោធា​មជ្ឈិមផងដែរ​នោះ បាន​ថ្លែងថា «ជនរួមជាតិ​ចិន​ស្រឡាញ់សន្តិភាព​ខ្លាំងណាស់។ យើងមិន​ដែល​ព្យាយាមចង់​ឈ្លានពាន ឬក៏ពង្រីករិទ្ធិ​អំណាចនោះ​ឡើយ ក៏ប៉ុន្តែពួកយើង​មានជំនឿ​ចិត្ត​យ៉ាងរឹងមាំ ដើម្បីកម្ចាត់​រាល់សត្រូវ​ឈ្លានពាន​ទាំងអស់»

ក្នុងឱកាសនៃពិធីជួបជុំ​ដ៏ធំសម្បើម ដើម្បីរំលឹកខួប​៩០ឆ្នាំ​នៃថ្ងៃកំណើត​កងទ័ពចិន PLA នាថ្ងៃទី០១ ខែសីហានេះ លោក​ប្រធានាធិបតីចិន​បានបន្តថា «យើង​នឹងគ្មានថ្ងៃ​អនុញ្ញាតឲ្យ​បុគ្គល ក្រុម ឬក៏បក្សនយោបាយ​ណាមួយ បំបែកបំបាក់​ផ្នែកណាមួយនៃទឹកដីចិន ចេញពីប្រទេសមួយនេះជាដាច់ខាត ទោះបីជា​នៅ​​វេលា​ណា និងក្នុងទម្រង់​យ៉ាងដូចម្តេចក៏ដោយ។ ម៉្យាងវិញទៀត មិនគួរមាននរណា​មួយរំពឹងថា យើងនឹងទ្រាំលេបផ្លែ​ឈើដ៏ជូរចត់ ដែលមានគ្រោះថ្នាក់ដល់​​ដែនអធិបតេយ្យភាព សន្តិសុខ ឬផលប្រយោជន៍​នៃការអភិវឌ្ឍជាតិ​ចិននោះឡើយ»

គួរបញ្ជាក់ថា ក្រៅពីនេះ លោក ស៊ី​ ជិនពីង ក៏បានរំលឹក​ពី​ប្រវត្តិសាស្រ្តដ៏​យូរអង្វែង​របស់​កងទ័ពចិន PLA ដែលបានចាប់​កំណើត​ជា​លើកដំបូង ក្នុងអំឡុងការ​បះបោរ​​​នៅខេត្ត Nanchang ប្រឆាំងនឹង​​រដ្ឋបាលដឹកនាំ​របស់​គណបក្ស​គូមីងតាង (Kuomintang) កាលពី​ថ្ងៃទី០១ ខែសីហា ឆ្នាំ១៩២៧ ផងដែរ។ លោក​ប្រធានាធិបតី​ចិន ក៏បានកោតសរសើរ​ ស្ញប់ស្ញែង និងសាទរ ចំពោះសារៈសំខាន់ដ៏​ធំធេងរបស់ PLA ក្នុងការថែរក្សា​ការពារប្រជាជាតិ, ទប់ទល់និងដោះស្រាយ​ជា​មួយ​ការ​គំរាមកំហែង​​ជាច្រើនខុសៗគ្នា, និងការពារដែន​អធិបតេយ្យភាពចិន ក៏ដូចជា​ផលប្រយោជន៍​អន្តរជាតិ៕