(បាងកក)៖ អតីតនាយករដ្ឋមន្ត្រី​ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានធ្វើ​សេចក្ដី​ថ្លែងការណ៍​ការពារខ្លួនឯង​ជាលើក​ចុងក្រោយ ទៅកាន់តុលាការ​ក្នុងទីក្រុង​បាងកក នៅថ្ងៃអង្គារនេះ ដោយ​លោកស្រីនៅ​តែអះអាងថា ខ្លួនមិនបាន​ប្រព្រឹត្តកំហុសឆ្គងណាមួយ​ឡើយ ពាក់ព័ន្ធនឹង​ការចោទប្រកាន់​ថា បានធ្វើឱ្យខាតបង់ថវិកា​ជាតិរាប់ពាន់​លានបាត​ ដោយសារតែ​កម្មវិធី​ប្រមូលទិញ​ស្រូវក្នុងតម្លៃថ្លៃ​ ពីប្រជាកសិករថៃ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​យ៉ាងដូច្នេះថា «គោលនយោបាយ​ទិញស្រូវពី​កសិករថៃ​ក្នុងតម្លៃថ្លៃ បានជំរុញ​កំណើន​សេដ្ឋកិច្ច​នៅកម្រិត​មូលដ្ឋាន និង​ថ្នាក់​ជាតិ ហើយវា​មិនបានធ្វើឱ្យ​ខាតបង់ដល់​សេដ្ឋកិច្ចជាតិ​នោះទេ... នេះហើយជា​ហេតុផលដែលខ្ញុំ​ចង់ឲ្យគោល​នយោបាយនេះ នៅតែបន្តដំណើរការ ព្រោះវាគឺជាគោល​នយោបាយ​ស្អាតស្អំ និង​ត្រឹមត្រូវ»

គួរបញ្ជាក់ថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវបានរដ្ឋាភិបាល​ថៃបច្ចុប្បន្ន ធ្វើរដ្ឋប្រហារ​យោធាទម្លាក់​ចេញពី​តំណែងកាលពី​ខែឧសភា ឆ្នាំ២០១៤ និងត្រូវហាម​មិនឱ្យចូលរួមធ្វើ សកម្មភាព​នយោបាយរយៈពេល ០៥ឆ្នាំ កាលពី​ឆ្នាំ២០១៥។ ដោយឡែក​ទាក់ទិននឹង​ការចោទប្រកាន់​ថា លោកស្រី ធ្វើឱ្យខាតបង់​ថវិកាជាតិជាង ៥៣០ពាន់លានបាត ហើយបើសិនជា​តុលាការរក​ឃើញថា លោកស្រីបាន​ប្រព្រឹត្តខុស​ដូចការចោទប្រកាន់មែននោះ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ​អាចប្រឈមមុខ​ការជាប់ពន្ធនាគារ ១០ឆ្នាំ ខណៈតុលាការ​នឹងប្រកាសសាលក្រម នៅថ្ងៃទី២៥ ខែសីហានេះ៕