(ការ៉ាកាស់)៖ មេបក្សប្រឆាំងធំៗនៅវេណេស៊ុយអេឡាចំនួនពីររូប ត្រូវបានអាជ្ញាធរសម្រេចចាប់ខ្លួនចាប់ខ្លួនជាថ្មី ពីបទចោទប្រកាន់ថា បានញុះញង់ឲ្យមានបាតុកម្មដ៏ហិង្សាប្រឆាំង​នឹងរដ្ឋាភិបាល ដូចអ្វីដែលពួកគេធ្លាប់បាន​ទទួលរង​ការចោទប្រកាន់​កាលពីឆ្នាំ២០១៤ និងត្រូវបានឃុំឃាំងជាបណ្តោះអាសន្នក្នុងលំនៅឋាន ក្រោយពីការបោះឆ្នោត​សភាធម្មនុញ្ញកាលពីពីរថ្ងៃមុននេះ បានបង្ហាញ​លទ្ធផលជាបឋមថា គណបក្សលោក នីកូឡាស់ ម៉ាឌូរ៉ូ គឺជាអ្នកឈ្នះ និងមានសិទ្ធិកែប្រែអ្វីគ្រប់​យ៉ាងក្នុងប្រទេស។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច ដោយ​សារព័ត៌មាន BBC នារសៀល​ថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។

សម្រាប់មេដឹកនាំ​បក្សប្រឆាំងល្បីៗ​ទាំងពីររូបខាងលើនេះ គឺលោក Leopoldo López និងលោក Antonio Ledezma ដែលត្រូវបានអាជ្ញាធរ​វេណេស៊ុយអេឡាអះអាងថា បានធ្វើការប្រកូកប្រកាស ឲ្យក្រុមប្រឆាំងរបស់ខ្លួន ចេញមកដង្ហែតាមដងផ្លូវ ដើម្បីប្រឆាំងទៅនឹង​ការបោះឆ្នោតជ្រើសតាំងសមាជិក​សភាធម្មនុញ្ញថ្មី។ សារព័ត៌មាន​ BBC បានបញ្ជាក់យ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃមុនការបោះឆ្នោត លោក Lopez បានបង្ហោះវីដេអូមួយក្នុង Youtube ដើម្បីអំពាវនាវឲ្យប្រជាជនវេណេស៊ុយអេឡា ចេញដង្ហែតាមដងផ្លូវដើម្បីសម្តែងការប្រឆាំង»

គួរបញ្ជាក់ថា មេដឹកនាំក្រុមប្រឆាំងដ៏ល្បីឈ្មោះទាំងពីររូបខាងលើនេះ ធ្លាប់បានទទួលរងការកាត់ទោសម្តងរួចទៅ​ហើយ​កាលពី​ឆ្នាំ២០១៤ ដោយអ្នកទាំងពីរទើបត្រូវបានបញ្ជូនពីពន្ធនាគារយោធា ទៅកាន់លំនៅឋាន​ពួកគេ​ដើម្បី​ឃុំខ្លួនកាលពីថ្ងៃទី០៨ ខែកក្កដា កន្លងទៅថ្មីៗនេះ។ ប៉ុន្តែការចាប់ខ្លួនជាថ្មីក្រោយ​ការបោះឆ្នោត​សភាធម្មនុញ្ញពីរ​ថ្ងៃមកនេះ គេនៅមិន​ទាន់ដឹងថា តើអាជ្ញាធរ​វេណេស៊ុយអេឡា នឹងធ្វើការចោទប្រកាន់​អ្វីទៀតនោះឡើយ ខណៈស្ថានការណ៍​នៅវេណេស៊ុយអេឡា​នាពេល កំពុងស្ថិតនៅក្នុង​ភាពផុយ​ស្រួយបំផុត ក្រោមក្រសែភ្នែក​ដ៏មុតស្រួចរបស់​អាមេរិក និងអន្តរជាតិ៕