(ហាណូយ)៖ ក្រសួងការអប់រំ និងបណ្ដុះបណ្ដាល​វៀតណាម នៅថ្ងៃអង្គារនេះបានឱ្យដឹងថា ករណីក្មេងទំនើង​វៀតណាមវាយតប់គ្នា​នៅខាងក្រៅ និងក្នុងសាលារៀន​នារយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ​មានរហូតដល់​ទៅ ១,៦០០ករណី ឬក៏កើតឡើង ០៥ករណីក្នុងមួយថ្ងៃ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។

យោងតាមស្ថិតិរបស់​ក្រសួងអប់រំ ក្នុងចំណោមករណី​វាយតប់គ្នាខាងលើ មានក្មេងទំនើង​វៀតណាមខ្លះ ប្រើប្រាស់កូន​កាំបិត ដាវ ឬក៏កាំភ្លើង បាញ់កាប់ចាក់គ្នា​ដោយសារតែ​រឿងបន្តិចបន្ដួច ដូចជាការមើល​មុខឌឺដាក់គ្នា​ជាដើម។​ ជាឧទាហរណ៍​កាលពីខែមិថុនា ក្មេងស្រីសិស្ស​សាលាពីរនាក់មា​ន​អាយុ ១៥ឆ្នាំ មកពីវិទ្យាល័យ Vu Ngoc Phan ក្នុងទីក្រុង​ហាណូយ គឺនាង Nguyen Thi Thuy និង នាង Nguyen Thi Trang បានឈ្លោះប្រកែក​វាយតប់គ្នា ដោយនាង Thuy ចោទនាង​ Trang ថា​ បានមកមុខនាងក្នុង​លក្ខណៈ​ចង់បង្ករឿង។

គួរបញ្ជាក់ថា បើតាមស្ថិតនេះដដែល ករណីក្មេងទំនើងវៀតណាមវាយតប់គ្នានេះ ក៏មានករណីខ្លះត្រូវកាត់ទោស ឬបណ្ដេញចេញ​សាលាក្នុងចំណោមសិស្សជាង ១១,០០០នាក់ ដែលបានពាក់ព័ន្ធករណី៕