(ការ៉ាកាស់)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា ការដាក់ទណ្ឌកម្ម​របស់ចក្រពត្តិអាមេរិក មិនអាចបំភ័យ​លោកបានឡើយ ហើយថាការបោះឆ្នោតសភាធម្មនុញ្ញកាលពីថ្ងៃអាទិត្យ គឺធ្វើឡើងតាម​ឆន្ទៈរាស្ត្រ និងជាការបោះឆ្នោត​មួយ​ដើម្បីបដិវត្តន៍។​ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។​

​កាលពីថ្ងៃចន្ទ ក្រសួងរតនាគារជាតិអាមេរិកបានប្រកាសថា ខ្លួនបានដាក់​ទណ្ឌកម្មប្រឆាំង​នឹង​ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ​ ដែលនេះមានន័យថា ទ្រព្យសម្បត្តិរបស់​លោកនៅសហរដ្ឋអាមេរិក ត្រូវបានបង្កក រីឯពលរដ្ឋអាមេរិកទាំងអស់មិនអាចធ្វើពាណិជ្ជកម្ម ជាមួយប្រធានាធិបតីរូបនេះទេ។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងរតនាគារជាតិ លោក Steven Mnuchin ក៏បានអះអាងដែរថា សេតវិមានបានចាត់ទុកថា ការបោះឆ្នោត​សភាធម្មនុញ្ញគឺ​ផ្ទុយទៅនឹងច្បាប់ រីឯលោក ម៉ាឌូរ៉ូ ជាអ្នកទទួលខុសត្រូវ​ទាំងស្រុង។
យ៉ាងណាក៏ដោយ​ជាការឆ្លើយតប លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចក្រពត្តអាមេរិក​របស់ (លោក) ដូណាល់ ត្រាំ បានសម្រេចចិត្ត​ប្រឆាំងនឹងខ្ញុំ ដែលនេះបានបង្ហាញ​ពីបរាជ័យ និងភាពស្អប់​ខ្ពើមរបស់គាត់​តែប៉ុណ្ណោះ... ខ្ញុំគ្មានអ្វីត្រូវភិតភ័យ ហើយខ្ញុំក៏នឹងមិន​គោរពតាមបញ្ជា​ពីរដ្ឋាភិបាលបរទេសដែរ។ ខ្ញុំនឹងមិនធ្វើបែបនេះ​ជាដាច់ខាត... ដាក់ទណ្ឌកម្មខ្ញុំចុះតាម​ដែលអ្នកប្រាថ្នា ក៏ប៉ុន្តែប្រជាជន​វេណេស៊ុយអេឡា បានសម្រេចចិត្ត​រួចទៅហើយដើម្បីសេរីភាព ហើយខ្ញុំគឺជាប្រធានាធិបតី​ឯករាជ្យម្នាក់​សម្រាប់​ប្រជាជាតិសេរី»

គួរបញ្ជាក់ថា សភាធម្មនុញ្ញថ្មីរបស់លោក ម៉ាឌូរ៉ូ គឺមានសិទ្ធិអំណាចកែរដ្ឋធម្មនុញ្ញ រហូតដល់រំលោយសភាគ្រប់គ្រងដោយគណបក្សប្រឆាំងទៀតផង។ ដូច្នេះទើបគណបក្សប្រឆាំង, សហរដ្ឋអាមេរិក និងកូឡុំប៊ីជាដើម បានប្រកាសថា ពួកគេមិនទទួលស្គាល់​លទ្ធផលបោះឆ្នោត​នេះនោះទេ ខណៈបាតុកម្មតវ៉ា​របស់ក្រុមបាតុករ​ប្រឆាំង លោក ម៉ាឌូរ៉ូ ដែលគ្រោងនឹង​ធ្វើឡើង​នៅថ្ងៃចន្ទ (ម៉ោងនៅក្នុងតំបន់) ទំនងជាត្រូវពន្យាពេល​រហូតដល់ថ្ងៃពុធ ជាថ្ងៃសភាធម្មនុញ្ញថ្មី​ត្រូវជួបប្រជុំគ្នា៕