(ឡុងដ៍)៖ ផ្កាយរណបដ៏តូចជាងគេលើលោក​នាពេលឥឡូវនេះ កំពុងតែធ្វើដំណើរ​ដោយជោគជ័យ នៅក្នុងគន្លងគោចរ​របស់ភពផែនដី និងកំពុងធ្វើការទាក់​ទង​គ្នាជាមួយប្រព័ន្ធ​នៅលើផែនដីផងដែរ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។

ផ្កាយរណបតូចៗ​ខាងលើឈ្មោះ Spirtes មាន​បណ្តោយ និងទទឹងប្រវែង ៣.៥សង់ទីម៉ែត្រ ហើយមានទម្ងន់​ត្រឹមតែ ០៤ក្រាមប៉ុណ្ណោះ។ ម៉្យាងវិញទៀត​ពួកវា​មានបំពាក់វិទ្យុទាក់ទង, Sensor, និងកុំព្យូរទ័រ ដែលដើរដោយថាមពល​ពន្លឺព្រះអាទិត្យ​ផងដែរ។ ខណៈផ្កាយ​រណប Spirtes ធ្លាប់ត្រូវបានប្រើប្រាស់​នៅឯ​ស្ថានីយ៍អវកាស​អន្តរជាតិ ISS កាលពីមុន​នេះ​គឺជាលើកទីមួយ​ហើយ ដែលផ្កាយដ៏តូច និងស្រាលបែបនេះ អាចបាញ់បង្ហោះ​ទៅកាន់ទីអវកាស ហើយធ្វើ​ការទាក់ទង​ជាមួយស្ថានីយ៍លើដីបានបាន។

គួរបញ្ជាក់ថា គម្រោង Sprite គឺជាផ្នែកមួយនៃគម្រោង​មហិច្ឆតាដ៏ធំមហិមាមួយទៀត​មានឈ្មោះថា Breakthrough Starshot ដែលមានគោលដៅ ដែល​ត្រូវបានប្រកាស​ជាលើកដំបូងកាលពី​ខែមេសា ឆ្នាំ២០១៦ ដោយអ្នក​វិទ្យាសាស្រ្តអង់គ្លេស​ដ៏ល្បី លោក Stephen Hwaking រួមជាមួយរូបវិទូ​ក៏ដូជាមហាសេដ្ឋី​​រុស្ស៊ី​ លោក Yuri Milner ​ដើម្បី​​បញ្ជូន​យានអវកាសទៅ​កាន់ភពទាំងឡាយ ដែលស្ថិតនៅ​ក្រៅប្រព័ន្ធព្រះអាទិត្យ​របស់យើង។ ដោយឡែក​ផ្កាយរណប Sprites នេះ មានតម្លៃធូរថ្លៃខ្លាំង​​ថែមទៀត ដោយមួយគ្រឿងៗ​ថ្លៃត្រឹមតែ ១០ដុល្លារ ប៉ុណ្ណោះ៕