(​វ៉ាស៊ីនតោន)៖ ក្រសួង​រតនាគារជាតិ​អាមេរិក​បានប្រកាសថា ខ្លួនបាន​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយថែមទំាង​ចាត់ទុកដែរថា សភា​ធម្មនុញ្ញថ្មី​ដែលទើបតែជាប់ឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ គឺជាស្ថាប័ន​ខុសច្បាប់។ សភាធម្មនុញ្ញថ្មី​នេះ គឺមានសិទ្ធិ​អំណាចកែ​រដ្ឋធម្មនុញ្ញ រហូតដល់​រំលោយសភា​របស់គណបក្ស​ប្រឆាំង​ទៀតផង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។​

យោងតាមការធ្វើបច្ចុប្បន្នភាព​លើបញ្ជីខ្មៅ​របស់ខ្លួន បន្ទាប់ពី​បានដាក់ទណ្ឌកម្ម​លើមន្ត្រីជាន់ខ្ពស់​នៃរដ្ឋាភិបាល លោក ម៉ាឌូរ៉ូ ១៣នាក់ ការិយាល័យគ្រប់គ្រង​ទ្រព្យសម្បត្តិបរទេស​ នៃក្រសួង​រតនាគារជាតិ​អាមេរិក​បានបញ្ជាក់ថា លោក ម៉ាឌូរ៉ូ ត្រូវបានដាក់បញ្ចូល​បន្ថែមក្នុង​បញ្ជីខ្មៅ ដែលនេះ​មានន័យថា ទ្រព្យសម្បត្តិ​របស់លោក​នៅសហរដ្ឋអាមេរិក​ទាំងអស់ត្រូវបាន​បង្កក ហើយពលរដ្ឋ​អាមេ រិក​ទាំងអស់មិន​អាចធ្វើពាណិជ្ជកម្ម​ ជាមួយប្រធានាធិបតី​រូបនេះ​ទេ។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួង​រតនាគារជាតិ លោក Steven Mnuchin ក៏បានអះអាង​ដែរថា សេតវិមាន​បានចាត់​ទុកថា ការបោះឆ្នោត​សភាធម្មនុញ្ញ គឺផ្ទុយទៅនឹងច្បាប់ រីឯលោក ម៉ាឌូរ៉ូ ជាអ្នក​ទទួលខុស​ត្រូវទាំងស្រុង។

គួរបញ្ចាក់ថា បើទោះជាមាន​ការជំទាស់ពី​គណបក្សប្រឆាំង និងការគំរាមដាក់​ទណ្ឌកម្មពីសហរដ្ឋអាមេរិក​ក៏ដោយ នៅទីបំផុត​សភាធម្មនុញ្ញ​ថ្មីមួយ នៅតែត្រូវបាន​បង្កើតឡើង​តាមការចង់បាន របស់ លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយ​ប្រជាជន​វេណេស៊ុយអេឡា ៤១.៥ភាគរយ ឬ៨លាននាក់ បានទៅបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ជ្រើសរើស​សមាជិកសភា​ធម្មនុញ្ញថ្មីទំាង ៥៤៥នាក់។ ក៏ប៉ុន្តែគ្រាន់​តែឈ្នះឆ្នោតភ្លាម លោក ម៉ាឌូរ៉ូ បានបង្ហាញពី​បំណងប្រាថ្នា​ទីមួយ ទៅកាន់សភា​ធម្មនុញ្ញថ្មីឱ្យ​ដកអភ័យ​ឯកសិទ្ធិ របស់សមាជិក​សភាពបក្សប្រឆាំង​មួយចំនួន ដើម្បីយកមក កាត់ទោស​តាមផ្លូវច្បាប់​នូវអី្វដែលលោកផ្ទាល់​ចោទថា តំណាងរាស្រ្ដ​បក្សប្រឆាំង​បានព្យាយាម​ធ្វើរដ្ឋប្រហារ​សភា និងញុះញង់​ឱ្យមានបាតុកម្មតវ៉ា​ប្រឆាំងនឹង រដ្ឋាភិបាល​នៅទូទំាងប្រទេស ដែលបានបណ្ដាល​ឱ្យមនុស្សយ៉ាង​ហោច​ណាស់ ១២០នាក់ បាត់បង់ជីវិត ក្នុងបាតុកម្មតវ៉ា​អស់រយៈពេលជាង ០៤ខែមកនេះ៕