(ដាម៉ាស់)៖ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ ប្រកាសយ៉ាងឱឡារិកថា កងទ័ពស៊ីរី នឹងបង្កើត​ប្រវត្តិសាស្ត្រថ្មីមួយ​ នៅក្នុងសង្រ្គាម​ប្រយុទ្ធប្រឆាំងនឹងពួកភេរវករ​ នាពេលអនាគត​ដ៏ខ្លីខាងមុខ។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងឱកាស​ប្រារព្ធខួប ៧២ឆ្នាំ នៃថ្ងៃបង្កើត​កងទ័ពស៊ីរី​កាលពីថ្ងៃចន្ទ លោក អាសាដ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កងទ័ពស៊ីរីនឹង​បានទទួលជោគជ័យ ដើម្បីបង្កើត​ប្រវត្តិសាស្ត្រ​ដ៏អស្ចារ្យ មួយនៅក្នុង​សង្រ្គាមប្រយុទ្ធ​ប្រឆាំងនឹង​ពួកភេរវករ​ មិនធ្លាប់មានពីមុនមក... ប៉ុន្តែយើង​នៅតែប្រឈមមុខ​នឹងពួកភេរវករ និងសត្រូវ​របស់យើង​មួយចំនួន ដែលត្រូវបាន​គាំទ្រដោយ​មហាអំណាច តំបន់ និងអន្តរជាតិក្នុងគោលបំណង​គ្រប់គ្រង​ប្រទេសស៊ីរី​ទាំងមូល... តែមហិច្ឆតា​នេះនឹងមិន​អាចក្លាយជា​ការពិតនោះទេ ព្រោះពួកយើង​នឹងទទួលបាន​ជ័យជម្នះនា​ពេលឆាប់ៗ​នេះ»

គួរបញ្ជាក់ថា មួយរយៈពេល​ចុងក្រោយនេះ កងទ័ពរដ្ឋាភិបាល​ស៊ីរី បានវាយដណ្ដើមគ្រប់គ្រង​តំបន់ជាច្រើនពីពួក ISIS​ និងកំពុងធ្វើប្រតិបត្តិការ​យោធា កាន់តែរុលទៅមុខ​នៅខាងក្រៅ​ខេត្ត Homs ​ស្ថិតនៅភាគ​កណ្ដាល​ប្រទេសស៊ីរី ព្រមទំាងឡោមព័ទ្ធ​លើពួករណសិរ្ស Nusra​ នៅភាគខាងលិច​នៃតំបន់ Qalamoun៕