(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងធ្វើការ​ថ្លែងសារ​នៅឯពិធីជួបជុំ​ដ៏ធំមួយ នៅឯមហាវិមាន​ប្រជាជន​ចិន Great Hall of the People ដែល​​​ស្ថិត​ក្នុង​ទីក្រុង​ប៉េកាំង ដើម្បីអបអរសាទរ​ថ្ងៃគម្រប់ខួប ៩០ឆ្នាំ នៃការបង្កើតកងទ័ពរំដោះ​ប្រជាជន​ចិន PLA នាថ្ងៃអង្គារ​នេះ។ នេះបើតាម​ការចេញ​​ផ្សាយ​ដោយ​សារ​ព័ត៌មាន CGTN នៅព្រឹក​ថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។

នាឱកាសនោះ លោក ស៊ី​ ជិនពីង បានរំលឹក​ពីប្រវត្តិសាស្រ្តដ៏​យូរអង្វែងរបស់​កងទ័ពចិន PLA ដែលបានចាប់កំណើត​ជាលើកដំបូង ក្នុងអំឡុងការ​បះបោរ​​នៅខេត្ត Nanchang ប្រឆាំងនឹង​រដ្ឋបាលដឹកនាំ​របស់​គណបក្សគូមីងតាង (Kuomintang) កាលពី​ថ្ងៃទី០១ ខែសីហា ឆ្នាំ១៩២៧។ លោក​ប្រធានាធិបតី​ចិន ក៏បានកោតសរសើរ​ ស្ញប់ស្ញែង និងសាទរ ចំពោះសារៈសំខាន់ដ៏​ធំធេងរបស់ PLA ក្នុងការថែរក្សា​ការពារប្រជាជាតិ, ទប់ទល់ និងដោះស្រាយជាមួយការគំរាមកំហែង​​ជាច្រើនខុសៗគ្នា, និងការពារដែន​អធិបតេយ្យភាពចិន ក៏ដូចជា​ផលប្រយោជន៍​អន្តរជាតិ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ​កន្លងទៅ ចិនក៏បានប្រារព្ធពិធី​​ដង្ហែរ​ក្បួន​ព្យុហ​យា​ត្រា​​មួយ​ផង​ដែរ នៅភាគខាងជើង​ប្រទេស ដើម្បី​អប​អរ​​ឱកាស​គម្រប់​ខួប​នេះ៕ ​