(សេអ៊ូល)៖ កងកម្លាំងពិសេសកូរ៉េខាងត្បូង​ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការ​បើកការវាយប្រហារ​លើទីបញ្ជាការ​យោធា រោងចក្រនុយក្លេអ៊ែរ និងមីស៊ីល​កូរ៉េខាងជើង ហើយ ដែលផែនការ​នេះទៀតសោត អាចនឹងត្រូវ​បានដឹកនាំ​ដោយកងកម្លាំង​ពិសេស នៃប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅក្នុងករណី​បន្ទាន់ ឬចាំបាច់។ នេះបើតាម​សារព័ត៌មាន​កូរ៉េខាងត្បូង Munwha Ilbo ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។

យោងតាម Munwha Ilbo ប្រធានសេនាធិការ​យោធា និងក្រសួងការពារជាតិ​កូរ៉េខាងត្បូង ត្រូវបានចាត់តាំង​ឱ្យរៀបចំ និងដឹកនាំ​ប្រតិបត្តិការ​នេះ​ ដោយមានទំាងការ​ចូលរួមពី​យន្ដហោះ ចម្បាំង F-15 ដែលមានគោលដៅ​វាយប្រហារទៅ​លើ ​ទីបញ្ជាការកណ្ដាល​យោធា​កូរ៉េខាងជើង ជាពិសេសគឺ​បង្អួចការិយាល័យ​របស់ លោក គីម ជុងអ៊ុន នៅក្នុងទីក្រុង​ព្យុងយ៉ាងតែម្ដង​នៅក្នុងករណី​ចាំបាច់។ ផែនការនេះ​ផ្ដួចផ្ដើមឡើង​កាលពីខែ៣១ ខែមីនា កន្លងទៅ ហើយជាងនេះ​ទៅទៀត សារព័ត៌មាន​នេះ​ដដែល ក៏បានរាយការណ៍​ដែរថា លោក មូន ជែអ៊ីន បានស្នើឱ្យ​មានការបង្កើតកង​កម្លាំងពិសេស​ថ្មី មានចំនួនពី ១,០០០ ទៅ ២,០០០នាក់ ដើម្បីសម្លាប់ លោក គីម ជុងអ៊ុន និងបំផ្លាញទីបញ្ជាការ​យោធា​កូរ៉េខាងជើង បើសិនជា​សង្រ្គាម​ផ្ទុះឡើង។

គួររំលឹកថា កាលពី​ថ្ងៃទី០៤ ខែកក្កដា មានសេចក្ដីរាយការណ៍​មួយថា នៅពេល​លោក គីម ជុងអ៊ុន ទស្សនាការធ្វើ​តេស្ដមីស៊ីល​ផ្លោង ICBM កងកម្លាំងពិសេស​អាមេរិកអាច​សម្លាប់មេដឹកនាំ​រូបនេះបាន ប៉ុន្តែបែរជាមិនបាន​បាញ់ទៅវិញ។​ ម្យ៉ាងវិញទៀត ដោយសារតែ​ព័ត៌មានទាំង​នេះឯង ទើបកូរ៉េខាងជើង ចេះតែមាន​លេសបាញ់​សាកល្បង និងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ​ឥតឈប់ឈរ​ដោយអះអាងថា ដើម្បីការពារ​ការឈ្លានពាន​ពីសហរដ្ឋអាមេរិក និងទប់ស្កាត់ការ​ប៉ុនប៉ង​សម្លាប់​របស់ពួកគេ៕ ​