(ដាម៉ាស់)៖ គ្រាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ​បន្ទាប់ពីការធ្វើតេស្ត និងប្រកាស​ជោគជ័យជាលើកទីពីរ​ចំពោះ គ្រាប់មីស៊ីល ផ្លោងឆ្លងទ្វីប ICBM ប្រទេសកូរ៉េខាងជើងបាន​បង្ហាញសញ្ញាមិនស្រួល​ថ្មីទៀត នោះគឺការចល័ត​នាវាមុជទឹក​ខុសពី​ធម្មតានៅក្នុង​សមុទ្រជប៉ុន ដែលសហរដ្ឋអាមេរិក​បានអះអាង​ថា «គឺជាសកម្មភាព​ខុសពីធម្មតាខ្លាំង និងក្នុងកម្រិត​មួយដែលមិនអាចប៉ាន់ស្មានបានផងដែរ»។ នេះបើតាមការ​ចេញផ្សាយដោយ បណ្តាញ​ព័ត៌មាន CNN នាព្រឹកថ្ងៃ​អង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។

មន្ត្រីអាមេរិកបានលើកឡើងនៅដើមសប្តាហ៍នេះថា គេពុំទាន់អាចសន្និដ្ឋានថា ទីក្រុងព្យុងយ៉ាងបានរៀបចំ​​ធ្វើតេស្ត​អ្វីមួយផ្សេងទៀត​នៅឡើយទេ។ ចំពោះតេស្ត​ដែលអាមេរិកលើកឡើងនេះ គឺចង់សំដៅទៅលើការបាញ់មីស៊ីល​ចេញពីនាវាមុជទឹក ដោយប្រើប្រាស់បច្ចេកវិទ្យានៃប្រព័ន្ធបាញ់មីស៊ីល cold-launch system ដោយប្រើប្រាស់​កម្លាំងបុកដ៏ខ្លាំងនៃចំហាយទឹក ដើម្បីរុញច្រានគ្រាប់មីស៊ីលចេញពីនាវាមុជទឹក រួចទើបមីស៊ីលផុសចេញទៅលើ​អាកាស បន្ទាប់មកគ្រាប់មីស៊ីលនឹងត្រូវរុញច្រានបន្តដោយចំហេះ ដែលការធ្វើបែបនេះ​គឺជាដើម្បីជៀសវាង​ការបង្កឲ្យខូចខាតដល់នាវាមុជទឹក។

គួរបញ្ជាក់ថា ប្រសិនបើលើកនេះកូរ៉េខាងជើង​ធ្វើតេស្តបាញ់មីស៊ីល​ចេញពី​នាវាមុជទឹកនោះ វានឹង​ក្លាយជាលើក​ទី៤ហើយ ខណៈសហរដ្ឋអាមេរិក​ខ្លួនឯងផ្ទាល់កំពុង​តែ​មានការព្រួយបារម្ភ​កម្រិតខ្ពស់ ពាក់ព័ន្ធនឹង​បច្ចេកវិទ្យា​ខាងលើនេះ ដែលកូរ៉េខាងជើង​កំពុងខ្នះខ្នែង​បង្កើតឡើង​យ៉ាងលឿនលើស​ការស្មាន។ បច្ចុប្បន្នអាមេរិកកំពុងតែ​ស្វែងរកវិធីដោះស្រាយបញ្ហា ដែលគេចមិនផុតទេចំពោះការបន្តអំពាវនាវឲ្យចិន និងរុស្ស៊ីជួយ ខណៈដែលទណ្ឌកម្ម និងសំពាធផ្សេងៗទៀតកន្លងមកនេះ បានក្លាយជាផ្សែងរសាត់តាមខ្យល់បាត់ទៅហើយ សម្រាប់ទីក្រុងព្យុងយ៉ាង៕