(ឡុងដ៍)៖ គោលការណ៍នៃការធ្វើដំណើរដោយសេរីរវាងអង់គ្លេស និងសហភាពអឺរ៉ុប នឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ២០១៩ នៅពេលដែលទីក្រុងឡុងដ៍ ចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។ នេះបើតាមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសិទសារព័ត៌មាន អ្នកនាំពាក្យរូបនេះដដែល បានគូសបញ្ជាក់ដូច្នេះថា៖«ការធ្វើដំណើរដោយសេរី នឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ២០១៩ ខណៈរដ្ឋាភិបាលអង់គ្លេស បានត្រៀម ខ្លួនរួចជាស្រេច គិតគូរលើសំណើពាក់ព័ន្ធនឹងស្ថានភាពប្រជាជនអឺរ៉ុប បន្ទាប់ពី Brexit...ហើយសំណើផ្សេងទៀតស្ដីពីប្រព័ន្ធអន្តោប្រវេសន៍នៅក្រោយ Brexit ក៏នឹងត្រូវបង្ហាញនៅពេល វេលាជាក់លាក់មួយ ពោលគឺវាមិនមានន័យទៀតឡើយ លើអត្ថន័យឬក៏ការនៅតែយល់ថាការធ្វើដំណើរដោយសេរី អាចនឹងបន្តអនុវត្តក្នុងស្ថានភាពដូចបច្ចុប្បន្នទៀតនោះ»។

គួរបញ្ជាក់ថា មកទល់ពេលនេះ គោលជំហរនៃរដ្ឋាភិបាលលោកស្រី Theresa May គឺមិនប្រែប្រួលឡើយក្នុងការដើរចេញពីសហភាពអឺរ៉ុប ក៏ប៉ុន្តែការលើកឡើងរបស់អ្នកនាំពាក្យលោកស្រី គឺផ្ទុយទៅនឹងគោលជំហររបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក Philip Hammond ដែលបាននិយាយកាលពីសប្ដាហ៍មុនថា វាមិនមានភាពចាំបាច់កែប្រែច្បាប់អន្តោប្រវេសន៍នោះទេ៕