(បរទេស)៖ សារអ៊ីម៉ែលជាង ២១,០០០ច្បាប់ ដែលមាន​ជាប់ពាក់ព័ន្ធ​ក្នុងយុទ្ធនាការឃោសនា​បោះឆ្នោត ជ្រើសរើសប្រធានាធិបតី​បារាំង​របស់ លោក Emmanuel Macron ដែលបច្ចុប្បន្ន​ជាមេដឹកនាំ​បារាំងថ្មី ត្រូវបានបញ្ចេញជា​សាធារណៈដោយ​គេហទំព័រ WikiLeaks។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌​មានរុស្ស៊ី Russia Today នៅល្ងាច​ថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។

អង្គការក៏ដូច​ជាវែបសាយ​ដែលតែងតែ​បានចុះផ្សាយ ព័ត៌មានសម្ងាត់ៗ​ជុំវិញពិភពលោកនេះ​បាន​អះអាងថា សារអ៊ីម៉ែល​ទាំង ២១,០៧៥ច្បាប់ខាងលើ ត្រូវ​បានធ្វើ​កោសល្យវិច្ច័យ​ផ្ទៀងផ្ទាត់​យ៉ាងត្រឹមត្រូវ និងច្បាស់​លាស់​បំផុត តាមរយៈប្រព័ន្ធ​ត្រួតពិនិត្យ E-Mail មាន​ឈ្មោះថា DKIM។ ជាងនេះ​ទៅទៀត WikiLeaks បានឲ្យ​ដឹងថា ខ្លួនក៏នឹងផ្តល់​កម្រង​សារអ៊ីម៉ែល​សរុបចំនួន ៧១,៨៤៨ច្បាប់ផងដែរ ដោយបាន​បន្ថែមថា មានតែ​ចំនួន ២១,០៧៥ច្បាប់ប៉ុណ្ណោះ ត្រូវ​បាន​សម្គាល់ថា បានផ្ទៀងផ្ទាត់​ត្រឹមត្រូវ ក៏ប៉ុន្តែសារ​ទាំងប៉ុន្មាន​ពាន់ផ្សេងទៀត ក៏អាចរំពឹងថា នឹងពិតប្រាកដ​ដូចគ្នាដែរ ដោយយោង​ទៅលើតាម​ការធ្វើតេស្ត​ពិសោធន៍។ បើតាម WikiLeaks សារអ៊ីម៉ែល​ទាំងអស់នេះ មានកាលបរិច្ឆេទ​ចាប់ពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៩ ដល់​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនា​របស់ លោក Macron បានទទួលរង​ការវាយលុក​តាមប្រព័ន្ធ​ព័ត៌មាន​វិទ្យា តាម​រយៈ​ការ​​លេច​ធ្លាយ​​សារ​អ៊ីម៉ែល​​ក្នុង​ទ្រង់​ទ្រាយ​​យ៉ាង​ធំ​​សម្បើម នៅពីថ្ងៃមុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បារាំង ពោលគឺកាលពី​ថ្ងៃទី០៥ ខែឧសភា​កន្លងទៅ ខណៈគណៈកម្មការ​រៀបចំ​​ការបោះឆ្នោត បានហាមឃា​ត់ប្រព័ន្ធផ្សព្វផ្សាយ​បារាំង មិនឲ្យចេញ​ផ្សាយពីខ្លឹមសារ​នៃសារអ៊ីម៉ែល ដែលបានលេចធ្លាយ​ទាំងអស់នោះ​ឡើយ៕