(ញូដេលី)៖ អាជ្ញាធរឥណ្ឌា​បាននិយាយថា ខ្លួនបានរឹបអូសគ្រឿងញៀន​ប្រភេទហេរ៉ូអ៊ីនជាង ១,៥០០ គីឡូក្រាម ហើយដែលនេះ​គឺជាការរឹបអូស​គ្រឿងញៀនធំបំផុត នៅក្នុងប្រវត្តិសាស្ត្រ​ឥណ្ឌា​នាសម័យ​ថ្មីនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CNN នៅល្ងាចថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។

អ្នកនាំពាក្យឆ្មាំ​សមុទ្រឥណ្ឌា នៅក្នុងសេក្ដីថ្លែងការណ៍​របស់ខ្លួនបានគូសបញ្ជាក់​យ៉ាងដូច្នេះថា «គ្រឿងញៀន​ប្រភេទ​ហេរ៉ូអ៊ីន​មានទម្ងន់​ជាង ១,៥០០គីឡូក្រាម ឬមានតម្លៃ​ស្មើ​នឹង ៥៤៥លាន​ដុល្លារ ត្រូវបាន​គេរកឃើញនៅ​លើកប៉ាល់ដឹកទំនិញ​មួយគ្រឿង​កាលពីថ្ងៃអាទិត្យ នៅឯឆ្នេរ​ភាគខាងលិច​នៃរដ្ឋ Gujarat​»។ ឆ្មាំសមុទ្រ​ឥណ្ឌា​បានឱ្យដឹងទៀតថា កាប៉ាល់​មួយគ្រឿង​នេះបាន​ចុះបញ្ជីក្នុង​ប្រទេស​ប៉ាណាម៉ា ហើយបាន​ធ្វើដំណើរចេញពី​ប្រទេសអ៊ីរ៉ង់ ប៉ុន្តែត្រូវបាន​ស្ទាក់ចាប់នៅ​ក្នុងដែនទឹក​ឥណ្ឌា បន្ទាប់ពីវា​បានធ្វើដំណើរអស់រយៈពេល ០៣ថ្ងៃ កន្លងទៅនេះ។

គួរបញ្ជាក់ថា កប៉ាល់ខាងលើ​មានក្រុមនាវិក ០៨នាក់ ប៉ុន្តែមកទល់​ពេលនេះ​ពុំទាន់មាន​សេចក្ដីរាយការណ៍​ពីការចាប់ខ្លួន​មនុស្សណាម្នាក់​នោះទេ។ ដោយឡែក​បើតាមច្បាប់​ឥណ្ឌា អ្នករត់ ពន្ធ​គ្រឿងញៀន​ប្រភេទហេរ៉ូអ៊ីន អាចនឹងត្រូវ​ផ្ដន្ទាទោសអប្បបរមាឱ្យជាប់​ពន្ធនាគារ ១០ឆ្នាំ៕​