(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ ភ្នំភ្លើង Sinabung នៅតំបន់ Karo ស្ថិតក្នុងខេត្តស៊ូម៉ាត្រាខាងជើង ភាគលិចនៃប្រទេសឥណ្ឌូណេស៊ី ជះកម្អែលផះរាប់ពាន់ម៉ែត្រ ទៅលើផ្ទៃអាកាស។

២៖ រយៈពេល០៧ខែ ក្រោយពីកងទ័ពស៊ីរីដណ្តើមកាន់កាប់ទីក្រុងអាឡេប៉ូ (Aleppo) ដែលមានភាគខាងកើត បានធ្លាក់ក្រោមកណ្តាប់ដៃរបស់ក្រុមឧទ្ទាម អស់រយៈពេលប្រមាណ០៥ឆ្នាំ យកមកវិញបានទាំងស្រុងនោះ ជីវិតរស់នៅ​របស់ប្រជាជនស៊ីរីនៅក្នុងទីក្រុងនេះ បានចាប់ផ្តើមមានភាពរស់រវើកសាជាថ្មី​បន្តិចម្តងៗ នៅតាមតំបន់ដែលបានទទួលរងការបំផ្លិចបំផ្លាញ។

៣៖ លោក Ren Biao ដែលជាជនល្មើសករណីពុករលួយ ដែលត្រូវសមត្ថកិច្ចតាមរកមុខនិងចាប់ខ្លួនបំផុត របស់ចិន បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិនវិញ ហើយចូលខ្លួនឲ្យប៉ូលិសចាប់តាមសម្រួល។

៤៖ កូរ៉េខាងជើង ចេញមុខប្រកាសជោគជ័យលើកទីពីរ នៃការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលបានបង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ម្សិល​មិញ។

៥៖ កូរ៉េខាងត្បូងនិងអាមេរិក ធ្វើតេស្តបាញ់គ្រាប់ពិត ចំពោះប្រព័ន្ធមីស៊ីលផ្លោង Hyunmoon II ដែលជារបស់ទីក្រុងសេអ៊ូល និងប្រព័ន្ធ ATACMS ដែលជា​របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងសមយុទ្ធយោធារួមរវាងប្រទេសទាំងពីរ បន្ទាប់ពីកូរ៉េខាងជើងសាកល្បងមីស៊ីលផ្លោង ICBM ដោយជោគជ័យជាលើក​ទីពីរកាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ។

៦៖ បន្ទាប់ពីកូរ៉េខាងជើង​បាញ់ ធ្វើតេស្តមីស៊ីល ICBM ដោយជោគជ័យជាថ្មី ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឲ្យដាក់ពង្រាយប្រព័ន្ធ THAAD បន្ថែម​០៤​គ្រឿង​ទៀត៕