(ប៉េកាំង)៖ ទីក្រុងប៉េកាំង​នាថ្ងៃសៅរ៍នេះ បានទទូចយ៉ាងខ្លាំង​ទៅកាន់ប្រទេស​កូរ៉េខាងជើង រួមទាំង​សហរដ្ឋអាមេរិក ឲ្យមានការគោរព​ចំពោះ​ក្តីព្រួយបារម្ភ​​​របស់​ប្រទេសចិន ហើយបញ្ឈប់​សកម្មភាព​ដាក់ពង្រាយប្រព័ន្ធ​ខែល​ការពារមីស៊ីល THAAD របស់​ពួកគេ​ភ្លាមទៅ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោក Geng Shuang បានធ្វើការ​អត្ថាធិប្បាយ​យ៉ាងខាងលើ ក្នុងការឆ្លើយតប​ចំពោះ​សេចក្តីរាយការណ៍​ព័ត៌មាន​​ដែលថា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានចេញបញ្ជា​ឲ្យក្រុមមន្រ្តី​របស់​លោក ធ្វើការពិភាក្សា​ក៏ដូចជាពិគ្រោះ​យោបល់ ជាមួយសមភាគី​​អាមេរិក អំពីការដាក់​ពង្រាយ​ប្រព័ន្ធ THAAD ចំនួន ០៤គ្រឿងថែមទៀត បន្ទាប់ពី​កូរ៉េខាងជើង បានធ្វើតេស្តបាញ់​សាកល្បង​មីស៊ីលផ្លោង សាជាថ្មីម្តង​ទៀត។

គួរបញ្ជាក់ថា ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ជែអ៊ីន នាថ្ងៃសៅរ៍នេះ បានសម្រេចដាក់​ចេញនូវសំណើ​ស្តីពីវិធានការ​តបតធ្ងន់ៗ​មួយចំនួន ដើម្បី​​ប្រឆាំង​នឹង​ការធ្វើ​តេស្តមីស៊ីល​ផ្លោង​ទាំងកណ្តាល​យប់​ម្សិលមិញ របស់​កូរ៉េខាងជើង ហើយក្នុងនោះ​ក៏រួមមាន​ទាំងការ​ដាក់ពង្រាយ​ ប្រព័ន្ធខែល​ការពារ​​មីស៊ីល THAAD ចំនួន ០៤គ្រឿងថែមទៀត​ផងដែរ ស្របពេលដែលពីរគ្រឿង​កំពុងដំណើរការ​នាពេលបច្ចុប្បន្ន៕