(សេអ៊ូល)៖ ស្ថានីយ៍ទូរទស្សន៍រដ្ឋរបស់​កូរ៉េខាងជើងនា​ថ្ងៃសៅរ៍នេះ បានបញ្ចេញ​ជាសាធារណៈនូវ​ឃ្លីបវីដេអូមួយ បង្ហាញពីការធ្វើតេស្ត​បាញ់​មីស៊ីល​​ផ្លោង​ ICBM កាល​ពី​យប់​​កណ្តាលអធ្រាតម្សិលមិញនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀល​ថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមឃ្លីបវីដេអូ​ដែលមាន​រយៈពេល ០២នាទីកន្លះ គ្រាប់មីស៊ីល Hwasong-14 នោះ ត្រូវបានចល័ត​ដោយប្រព័ន្ធ​ដឹកជញ្ជូន និងដាក់បញ្ឈរ TEL មុន​ពេល​វាត្រូវបានបាញ់​បង្ហោះចេញពី​ជើងទម្រមួយ​ផ្សេងទៀត។ មធ្យោបាយ​ធ្វើតេស្តនេះ ស្រដៀងគ្នា​ទៅនឹងការ​ធ្វើតេស្តមួយផ្សេងទៀត ដែល​ត្រូវបាន​​បង្ហាញ​​តាមរយៈកញ្ចក់​ទូរទស្សន៍​ដូចគ្នា កាលពី​ថ្ងៃទី០៥ ខែកក្កដា ពោលគឺមួយថ្ងៃ​ក្រោយការ​ធ្វើតេស្តមីស៊ីល​ផ្លោង​ឆ្លងទ្វីប (ICBM) លើក​ទីមួយ​របស់​ប្រទេស​កូរ៉េខាងជើង។

នៅក្នុងឃ្លីបវីដេអូ​ខាងលើ ដែលចេញ​ផ្សាយដោយ​ស្ថានីយ៍ទូរទស្សន៍​មជ្ឈិមកូរ៉េ ប្រព័ន្ធដឹកជញ្ជូន និងដាក់បញ្ឈរ TEL មួយគ្រឿង ដែលមាន​កង់ចំនួន ០៨​ នៅសងខាងបានធ្វើ​ដំណើរដោយ​សន្សឹមៗ ​ទៅដល់ជើង​ទម្រនា​វេលារាត្រី ក្នុងទីតាំង Mupyong-ri នៃខេត្ត Jagang ភាគខាងជើង​ប្រទេស​កូរ៉េខាងជើង ដោយមាន​ដឹកមីស៊ីល Hwasong-14 ចំនួនមួយគ្រាប់​នៅលើនោះ។ ក្រោយមក​មីស៊ីល​ជាប្រភេទ ICBM នោះ ក៏ត្រូវបានផ្ទេរ​ទៅលើជើង​ទម្រ​ដែលរង់ចាំជា​ស្រេច ហើយបញ្ឈរឡើងទៅ សម្រាប់ត្រៀម​បាញ់បង្ហោះ។

បន្ថែមពីនេះ ដូចទៅនឹង​ការធ្វើតេស្ត ICBM កាលពីដើមខែកក្កដា​នេះដែរ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេមើលឃើញថា កំពុង​​ចូលរួមត្រួត​ពិនិត្យតាមដានការរៀបចំ​ ក៏ដូចជាដំណើរការ​នៃការធ្វើតេស្តនេះ​​នៅនឹងទីតាំង​ផ្ទាល់ ហើយកំពុងតែ​ជជែកជាមួយ​ក្រុម​មន្រ្តី​​ជំនិតៗ​របស់​​លោកផងដែរ៕