(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នាថ្ងៃសៅរ៍នេះបានសម្រេចដាក់​ចេញនូវសំណើ​ស្តីពីវិធានការ​តបតធ្ងន់ៗ​មួយចំនួន ដើម្បី​​ប្រឆាំង​នឹង​ការធ្វើ​តេស្តមីស៊ីល​ផ្លោង​ទាំងកណ្តាល​យប់​ម្សិលមិញ របស់​កូរ៉េខាងជើង ហើយក្នុងនោះ​ក៏រួមមាន​ទាំងការ​ដាក់ពង្រាយ​ប្រព័ន្ធខែល​ការពារ​​មីស៊ីល THAAD ឲ្យកាន់​តែច្រើន​ថែមទៀត​ផងដែរ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងក្នុងអំឡុង​កិច្ចប្រជុំបន្ទាន់មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខជាតិ (NSC) កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាន​​បង្គាប់​​ឲ្យ​​មាន​​​ការ​​ពិ​គ្រោះ​​យោ​​បល់​​ជាមួយ​​សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធ​មិត្ត​ស្តីពីវិធីសាស្រ្ត ដើម្បីបង្កើន​សមត្ថភាពទប់ទល់​យុទ្ធសាស្រ្ត​ ប្រឆាំងប្រទេស​កូរ៉េខាងជើង។ វិធានការទាំងនោះ នឹងរួមមាន​ការបង្ហាញ​អនុភាពរួមគ្នា​នៃសម្ព័ន្ធមិត្តទាំងពីរ ដូចជាការធ្វើ​សមយុទ្ធបាញ់​មីស៊ីលផ្លោង និងសំណើ​ជាបន្ទាន់ ឲ្យមាន​ការកោះប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​​ នៃ​អង្គការសហប្រជាជាតិ ដើម្បីពិភាក្សា​ពីទណ្ឌកម្ម​បន្ថែម។

ជុំវិញការដាក់​ពង្រាយប្រព័ន្ធ THAAD វិញ មន្រ្តីជំនិត​ប្រធានាធិបតី​កូរ៉េខាងត្បូងបានឲ្យដឹងថា លោក មូន ចង់សំដៅទៅ​លើការដាក់ពង្រាយ​​ជាបណ្តោះ​អាសន្ន​នៃ​ប្រព័ន្ធ THAAD បន្ថែមចំនួន​បួនគ្រឿងទៀត ហើយការវាយតម្លៃ​ស្ទាបស្ទង់ផលប៉ះពាល់​លើបរិស្ថាន ទៅលើទីតាំងដែល​នឹងត្រូវដាក់ពង្រាយ​​​ប្រព័ន្ធខែលការពារ​មីស៊ីលកម្រិតខ្ពស់នេះ នឹងប្រព្រឹត្ត​ទៅតាមការគ្រោងទុក។

គួរបញ្ជាក់ថា សព្វថ្ងៃនេះ​ប្រព័ន្ធ THAAD ចំនួនពីរគ្រឿង​កំពុងតែ​ដំណើរការ នៅលើអតីត​ទីលានវាយ​កូនហ្គោល ក្នុងស្រុក Seongju ប្រមាណ ៣០០​គីឡូ​ម៉ែត្រ​ ភាគអាគ្នេយ៍​ពីរដ្ឋធានី​សេអ៊ូល ខណៈបួន​ផ្សេងទៀត ត្រូវបានរក្សាទុក​នៅឯមូលដ្ឋានទ័ព​អាមេរិក​មួយកន្លែង ដែលស្ថិត​នៅក្បែរខាង។ បើតាម​​សហ​រដ្ឋអាមេរិក ប្រព័ន្ធ THAAD គឺជាធាតុផ្សំ​ចម្បងដ៏​សំខាន់បំផុត ក្នុងការទប់ទល់​ជាមួយការ​គំរាមកំហែង ដែលកំពុង​កើនឡើងឥតឈប់​ឈរ នៃមីស៊ីលផ្លោង​ និងអាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង៕