(សេអ៊ូល)៖ ការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីបលើកទីពីរ របស់ប្រទេសកូរ៉េខាងជើង ដែលបានប្រព្រឹត្តទៅដោយ​ភាព​ភ្ញាក់ផ្អើល កាលពីយប់កណ្តាល​អាធ្រាតថ្ងៃសុក្រម្សិលមិញនេះ ទំនងជាសកម្មភាព​បង្កហេតុឌឺដងមួយ ដែលមានគោលដៅ​ទៅលើ​សហរដ្ឋអាមេរិក។ នេះបើតាម​ក្រុម​អ្នក​ជំនាញ ដកស្រង់​សម្តីដោយ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យ៉ុនហ៉ាប់ នៅព្រឹក​ថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧។

នៅក្នុងសកម្មភាព​ដែលពុំនរណាម្នាក់​បានរំពឹងទុក​ជាមុននេះ កូរ៉េខាងជើង​បានបាញ់​គ្រាប់មីស៊ីល​ផ្លោង​ចំនួនគ្រាប់​ឈ្មោះ Hwasong-14 ជាប្រភេទ​ឆ្លង​ទ្វីប ICBM ទៅកាន់​សមុទ្រ​ខាងកើត ឬសមុទ្រជប៉ុន ចេញពី​ខេត្ត Jagang ភាគខាងជើង​ប្រទេស​របស់ខ្លួន កាលពីវេលា​ម៉ោង​ប្រមាណ ១១៖៤១នាទី យប់ថ្ងៃ​សុក្រ​សប្តាហ៍នេះ (ម៉ោងនៅ​កូរ៉េខាងត្បូង)។ មីស៊ីល​នោះ រត់បាន​ចម្ងាយជិត ១,០០០គីឡូម៉ែត្រ នៅក្នុងរយៈកម្ពស់​អតិបរមា​ប្រហែល ៣,៧០០គីឡូម៉ែត្រ។

លោក Kim Dong-yub អ្នកជំនាញ​មួយរូបរបស់​កូរ៉េខាងត្បូង បានលើកឡើងថា «កូរ៉េខាងជើង​បានបង្ហាញ​ក្នុងភាព​ជឿជាក់ថា ខ្លួនមាន​សមត្ថភាព​បាញ់​មីស៊ីលនៅ​គ្រប់ពេលវេលា និងទីកន្លែង​ទាំងអស់​ទោះបី​ជាស្ថិតក្រោម​ការឃ្លាំមើល​ពីសំណាក់ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​ក៏ដោយក្តី។ ជាមួយគ្នា​នេះ​អ្នកជំនាញ​មួយរូបទៀត លោក Yang Moo-jin បាន​និយាយថា «ការធ្វើតេស្តមីស៊ីល​ទាំងកណ្តាល​រាត្រី​របស់កូរ៉េខាងជើង​នេះ ត្រូវបានគេ​មើលឃើញ​​​ថា​ គឺជាការតវ៉ា​ប្រដាប់​អាវុធ ប្រឆាំងនឹង​ការអនុម័ត​គាំទ្រនាពេលថ្មីៗ​នេះ របស់ព្រឹទ្ធសភា​អាមេរិក លើសេចក្តីព្រាង​ស្តីពីការដាក់​ទណ្ឌកម្មជា​ចង្កោម​​ប្រឆាំងនឹង​កូរ៉េខាងជើង អ៊ីរ៉ង់ និងរុស្ស៊ី»

គួរបញ្ជាក់ថា ការបាញ់​សាកល្បង​មីស៊ីល ICBM ជាលើកទីពីរ​របស់កូរ៉េខាងជើង ត្រូវបានធ្វើ​ឡើងនៅកៀកនឹង​ព្រំប្រទល់​របស់ប្រទេសចិន និងចំពេល​ដែល​ពេលវេលាស្ថិត​នៅសហរដ្ឋអាមេរិក គឺពេលព្រឹក។ ជាមួយគ្នានេះ​រដ្ឋាភិបាល​ទីក្រុងប៉េកាំង ក៏ដូចជាប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក៏​បានចេញមុខ​ថ្កោលទោស​ធ្ងន់ៗ ចំពោះសកម្មភាព​បង្កហេតុឥតស្រាក​ស្រាននេះផងដែរ៕