(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានត្រួតពិនិត្យ​យ៉ាងហ្មត់ចត់​លើ សេចក្តីព្រាង​ស្តីពីការដាក់​ទណ្ឌកម្ម ប្រឆាំងនឹង​ប្រទេសរុស្ស៊ី ហើយលោក​គ្រោងនឹង​ចុះហត្ថលេខា​ទទួលស្គាល់​វា​ផងដែរ បន្ទាប់ពី​មានសេចក្តីរាយការណ៍​ថា រូបលោក​ទំនងជានឹងវ៉េតូ​សេចក្តីព្រាង​នេះ ដែលនឹងដាក់​​កំហិតលើលោក​ប្រធានាធិបតី មិនឲ្យបន្ធូរបន្ថយ​ទណ្ឌកម្មលើ​ទីក្រុងម៉ូស្គូ​ដោយឯករាជ្យ​បាន។ នេះ​បើ​តាម​​សេចក្តី​ប្រកាស​របស់​សេត​វិមាន ដក​ស្រង់​​ដោយ​ស្ថា​នីយ៍​​ទូរទស្សន៍ CNN នៅ​ព្រឹក​ថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍​របស់សេតវិមាន​បានលើកឡើងថា «លោក ដូណាល់ ត្រាំ ធ្លាប់បាន​អាន Version មុននៃសេចក្តីព្រាង​នេះ និងបានស្នើឲ្យ​មានការ​កែ​សម្រួល​ចំណុចខ្លះ ហើយដោយ​ផ្អែកទៅលើ​ការឆ្លើយតប​យ៉ាងពេញលេញ​ ចំពោះ​ការសំណើចរចា​របស់លោក លោកប្រធានាធិបតី​ផ្តល់ការអនុញ្ញាត​​ចំពោះសេចក្តីព្រាង​នេះ ហើយមាន​បំណងនឹងចុះ​ហត្ថលេខា ដើម្បីឲ្យ​វាក្លាយជាច្បាប់​ជាធរមាន​ថែម​ទៀតផង​»

សេចក្តីព្រាង​ខាងលើ ដែលត្រូវបាន​បញ្ជូនទៅកាន់​សេតវិមានកាលពីថ្ងៃសុក្រ​សប្តាហ៍នេះ បន្ទាប់ពី​ទទួលបាន​ការអនុម័ត​គាំទ្រ​យ៉ាងពេញទំហឹង ពីសភា​​តំណាងរាស្រ្ត និងព្រឹទ្ធសភាអាមេរិកនោះ នឹងដាក់ទណ្ឌកម្ម​បន្ថែមទៅលើ​ប្រទេសរុស្ស៊ី ហើយទន្ទឹមនឹងនេះ វាក៏នឹងដាក់កំហិត​ទៅលើសមត្ថភាពក៏ដូចជា​អំណាចរបស់លោក ត្រាំ ក្នុងការបន្ធូរបន្ថយ ឬដកទណ្ឌកម្មមួយចំនួនប្រឆាំងនឹងទីក្រុងម៉ូស្គូ ចេញវិញដោយ​ឯករាជ្យផងដែរ។ គួរបញ្ជាក់ថា ក្រៅពីរុស្ស៊ី ប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង ក៏នឹងត្រូវទទួលទណ្ឌកម្ម​ពីសេចក្តីព្រាង​នេះដូចគ្នា៕