(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន លោកស្រី Tomomi Inada សម្រេចលាលែងពីតំណែង ជុំវិញរឿងអាស្រូវទាក់ទិនការបិទបាំងរបាយការណ៍សកម្ម​ភាពកងទ័ព ខណៈរដ្ឋមន្រ្តីការបរទេសនឹងចូលមកកាន់តួនាទីជំនួសវិញ។

២៖ រឿងក្តីធ្វើឃាត បងប្រុសមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងណាំ នៅប្រទេសម៉ាឡេស៊ី វិវឌ្ឍន៍ទៅកាន់មួយតំណាក់កាលថ្មី ដោយតុលាការម៉ា​ឡេស៊ី បានសម្រេចថានឹងចាប់ផ្តើមធ្វើការជំនុំជម្រះក្តី លើជនសង្ស័យជាស្រ្តីចំនួនពីរនាក់ ដែលត្រូវបានចាប់ខ្លួនព្រោះមានជាប់ពាក់ព័ន្ធ ក្នុងករណីឃាត​កម្មទៅលើលោក គីម ជុងណាំ។

៣៖ ប្រទេសថៃ ប្រារព្ធពិធីសាសនានៅឯព្រះរាជវាំង ក្នុងទីក្រុងបាងកក ដើម្បីអបអរគម្រប់ខួបនៃឱកាសយាងចូល៦៥ព្រះវស្សា របស់ព្រះមហាក្សត្រថៃថ្មី ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន។

៤៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ចូលរួមកិច្ចបិទបញ្ចប់នៃយុទ្ធនាការឃោសនា សម្រាប់ការបោះឆ្នោតជ្រើសសមាជិក សម្រាប់សភាធម្មនុញ្ញ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យសប្តាហ៍នេះ។

៥៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំប្រទេសតួកគី លោក Alexei Yerkhov ប្រគល់លិខិតតែងតាំងជាផ្លូវការរបស់លោក ឲ្យប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅឯទីក្រុងអង់ការ៉ា ដើម្បីជំនួសតំណែងលោក Andrey Karlov ដែលត្រូវបានគេធ្វើឃាត ក្នុងអំឡុងពិធីបើកសម្ពោធកម្មវិធីតាំងពិរពណ៌​ផ្ទាំងគំនូរមួយ នៅរដ្ឋធានីប្រទេសតួកគី កាលពីខែធ្នូ ឆ្នាំ២០១៦។

៦៖ តុលាការកំពូលប៉ាគីស្ថាន សម្រេចដកតំណែង នាយករដ្ឋមន្ត្រីលោក Nawaz Sharif ក្រោយរកឃើញ មានអំពើពុករលួយ។

៧៖ ប្រជាជនចិនចូលរួមកាន់ទុក្ខ ចំពោះក្រុមគ្រួសារសាច់ញាតិ ដែលបានបាត់បង់អាយុជីវិត នៅក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៨រ៉ិចទ័រដ៏កក្រើកមួយ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៧៦ នៅទីក្រុង Tangshan ក្នុងខេត្ត Hebei ភាគខាងជើងប្រទេស ដែលបានផ្តាច់ជីវិតមនុស្សជាង២៤២,០០០នាក់៕