(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលរុស្ស៊ី​​នៅថ្ងៃសុក្រនេះ បានបង្គាប់ឱ្យ​សហរដ្ឋអាមេរិក​កាត់បន្ថយ​ ចំនួនបុគ្គលិកទូត​របស់ខ្លួន​ប្រចាំ​ទីក្រុងម៉ូស្គូ ឱ្យបានមុន​ថ្ងៃទី០១ ខែកញ្ញា ហើយថែម​ទំាងនិយាយថា ខ្លួនបាន​និងកំពុងរឹប​អូសអគារ ឬឃ្លាំ ព្រមទាំងទ្រព្យ​សម្បត្តិមួយចំនួន​ដែលប្រើប្រាស់ដោយ​មន្ត្រីទូតអាមេរិក ជាការ​សងសឹកទៅ​នឹងការដាក់​ទណ្ឌកម្មថ្មី​របស់​សហរដ្ឋអាមេរិក​ ប្រឆាំង​នឹងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។

ការសងសឹ​ករបស់រុស្ស៊ី ធ្វើឡើងតាមរយៈ​សេចក្ដីថ្លែងការណ៍​ក្រសួងការបរទេស តែមួយ​ថ្ងៃប៉ុណ្ណោះ​បន្ទាប់ពីព្រឹទ្ធសភាអាមេរិកបានអនុម័តលើច្បាប់ដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ក្នុងសំឡេងគាំទ្រ ៩៨ ទល់នឹង ០២សំឡេង ក្រោយសភាអាមេរិក​បោះឆ្នោតអនុម័ត ក្នុងសំឡេងគាំទ្រ ៤១៩ ទល់នឹង ០៣ សំឡេងកាលពី​ប៉ុន្មាន​ថ្ងៃមុននេះ។ ការអនុម័តលើ​ទណ្ឌកម្មនេះ នឹងបង្ក​ផលលំបាក​ដល់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុងការជ្រើសរើស​ថា ត្រូវទទួលយក​ភាពតានតឹង​ជាមួយរុស្ស៊ី ឬក៏ធ្វើឱ្យ​គណបក្សសាធារណៈរដ្ឋ​របស់លោក​ផ្ទាល់ ​ខឹងសម្បារនឹង​រូបលោក ដោយការប្រើ​សិទ្ធិវ៉េតូ​ជំទាស់នឹង​ច្បាប់នេះ។

ជាងនេះទៅទៀត​ក្រសួងការបរទេសរុស្ស៊ី ក៏បានព្រមានដែរថា នឹងចាត់វិធានការសងសឹក ដូចដែលសហរដ្ឋអាមេរិក​បានធ្វើមកលើខ្លួន ខណៈទីក្រុងម៉ូស្គូ តម្រូវឱ្យសហរដ្ឋអាមេរិក​កាត់បន្ថយបុគ្គលិក​ទូត​មកនៅត្រឹម ៤៥៥នាក់ សម្រាប់បំពេញ​ការងារនៅស្ថានទូត និងស្ថានកុងស៊ុល​អាមេរិក​ប្រចាំរុស្ស៊ី។ ដោយឡែក​ទាក់ទិន​នឹងច្បាប់ដាក់​ទណ្ឌកម្មនេះដែរ កាលពីថ្ងៃពុធ សហភាពអឺរ៉ុប និងបារាំង​បានចាត់ទុកថា ការដាក់​ទណ្ឌកម្មថ្មី​របស់សហរដ្ឋអាមេរិក​លើរុស្ស៊ី គឺផ្ទុយទៅនឹង​ច្បាប់អន្តរជាតិ​ ក៏ដូចជានឹងបង្កផលប៉ះ​ពាល់ធ្ងន់ធ្ងរ​ដល់បណ្ដា​ក្រុមហ៊ុនអឺរ៉ុប។ ចំណែកឯ អ្នកជំនាញមួយ​ចំនួនយល់ថា ទីក្រុង​វ៉ាស៊ីនតោន​មានចេតនា​ដាក់ទណ្ឌកម្មនេះ ដើម្បីខ្ទប់ដង្ហើម​សេដ្ឋកិច្ច និងចង់ដណ្ដើម​ទីផ្សារ​ជាអ្នកផ្គត់ផ្គង់​ឧស្ម័នពីរុស្ស៊ី តាមរយៈការបង្ខំ ឱ្យបណ្ដា​ប្រទេសអឺរ៉ុប​ងាកមកទិញ​ឧស្ម័ន ឬប្រេងពីខ្លួនវិញ។

គួរបញ្ជាក់ថា មុននឹងចូលជាធរមាន ច្បាប់នេះ​ត្រូវបញ្ជូនទៅកាន់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ចុះហត្ថលេខា​ជាមុនសិន។ ប៉ុន្តែទន្ទឹមគ្នា​នឹងការអនុម័ត​របស់ព្រឹទ្ធសភា ក៏មាន​សេចក្ដីរាយការណ៍​ដែរថា លោក ត្រាំ អាចនឹងប្រើសិទ្ធិវ៉េតូជំទាស់​នឹងច្បាប់ដាក់​ទណ្ឌកម្មថ្មី​នេះ ដែលនឹង​ដាក់កំហិតមួយ​ចំនួន​លើ​លទ្ធភាពរបស់លោក ក្នុងការដក​ទណ្ឌកម្ម​ពីរុស្ស៊ី៕