(អេស្ប៉ាញ)៖ មនុស្សយ៉ាង​ហោចណាស់ ៤៨នាក់ បានរងរបួស​នៅក្នុងហេតុការណ៍​រថភ្លើងបុករនាំងផ្លូវទាល់ នៅស្ថានីយ៍រថភ្លើង​ទីក្រុងបាសេឡូណា ប្រទេសអាស្ប៉ាញ​នៅថ្ងៃសុក្រនេះ ប៉ុន្តែ​ពុំទាន់មាន​សេចក្ដីរាយការណ៍​ពីអ្នកបាត់បង់​ជីវិត​នៅឡើយទេ ខណៈមនុស្ស ០៥នាក់ រងរបួសធ្ងន់។ នេះបើតាមសម្តីរបស់​អាជ្ញាធរនៅ​ក្នុងតំបន់ ដកស្រង់ដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យសេវាកម្មផ្លូវដែក​ក៏បានបញ្ជាក់ដែរ ហេតុការណ៍​គ្រោះថ្នាក់នេះ កើតឡើង​នៅឯស្ថានីយ៍​រថភ្លើង Francia ស្ថិតនៅកណ្ដាល​ទីក្រុងបាសេឡូណា។ រថភ្លើងនេះ គឺជា​រថភ្លើង​នៅក្នុងតំបន់​មកពី​តំបន់ Sant Vicenç de Calders បានរអិល​ធ្លាក់ផ្លូវជ្រុល​ទៅបុក​នឹងរនាំង​ផ្លូវទាល់ ដោយបង្កឱ្យមនុស្ស ៤៨នាក់ រងរបួសក្នុងនោះ ០៥នាក់ មានទំាងអ្នកបើកបរ​បានរងរបួសធ្ងន់ រីឯមនុស្ស ១៨នាក់ ផ្សេងទៀតក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ក៏ប៉ុន្តែអាជ្ញាធរ​ពុំទាន់អាចពីមូលហេតុ នៃគ្រោះថ្នាក់នេះនៅឡើយទេ៕