(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភា​អាមេរិក​បានអនុម័តលើច្បាប់ដាក់ទណ្ឌកម្មប្រឆាំងនឹង រុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង ហើយដែល​ការអនុម័តនេះ ធ្វើឡើងតែពីរ​ថ្ងៃប៉ុណ្ណោះបន្ទាប់ពី​សភាអាមេរិក បោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ៤១៩ ទល់នឹង ០៣សំឡេង។ នេះបើតាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។

កាលពីថ្ងៃពុធ​សហភាពអឺរ៉ុប និងបារាំង​បាន​ចាត់ទុកថា ការដាក់ទណ្ឌកម្មថ្មីរបស់​សហរដ្ឋអាមេរិក​លើរុស្ស៊ី គឺផ្ទុយទៅនឹង​ច្បាប់អន្តរជាតិ ក៏ដូចជានឹង​បង្កផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់បណ្ដាក្រុម​ហ៊ុនអឺរ៉ុប ខណៈអ្នក​ជំនាញមួយ​ចំនួនយល់ថា ទីក្រុងវ៉ាស៊ីនតោន​មានចេតនា​ដាក់ទណ្ឌកម្ម​នេះ ដើម្បីខ្ទប់ដង្ហើម​សេដ្ឋកិច្ច និងចង់ដណ្ដើម​ទីផ្សារ​ជាអ្នកផ្គត់ផ្គង់​ឧស្ម័នពី​រុស្ស៊ី តាមរយៈការបង្ខំឱ្យបណ្ដា​ប្រទេសអឺរ៉ុប​ងាកមក​ទិញឧស្ម័ន ឬប្រេងពី​ខ្លួនវិញ។ ទោះជា​យ៉ាងនេះក្ដី​ព្រឹទ្ធសភា​អាមេរិក នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ នៅតែបោះឆ្នោត​អនុម័តច្បាប់ដាក់​ទណ្ឌកម្ម​នេះ ក្នុងសំឡេង​គាំទ្រ ៩៨ ទល់នឹង ០២សំឡេង បើទោះជា​មានការព្រមាន​ចាត់វិធានការ​សងសឹក​ពីទីក្រុងម៉ូស្គូ​ និងទីក្រុង​​តេហេរ៉ង់​ក៏ដោយ។

គួរបញ្ជាក់ថា មុននឹងចូល​ជាធរមានច្បាប់នេះ​ត្រូវបញ្ជូនទៅកាន់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ ចុះហត្ថលេខា​ជាមុនសិន។ ប៉ុន្តែទន្ទឹមគ្នា​នឹងការអនុម័ត​របស់ព្រឹទ្ធសភា ក៏មាន​សេចក្ដីរាយការណ៍​ដែរថា លោក ត្រាំ អាចនឹងប្រើសិទ្ធិ​វ៉េតូ​ជំទាស់នឹង​ច្បាប់ដាក់ទណ្ឌកម្ម​ថ្មីនេះ ដែលនឹង​ដាក់កំហិត​មួយចំនួន​លើលទ្ធភាព​របស់លោក​ ក្នុងការដកទណ្ឌកម្ម​ពីរុស្ស៊ី៕