(អាមេរិក)៖ នាពេលថ្មីៗ​ក្រុមហ៊ុន WhatsApp ដែលជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ Facebook នោះ បានប្រកាស​ឲ្យដឹងថា បច្ចុប្បន្នមាន​មនុស្សប្រមាណ​​ជា​​មួយពាន់លាននាក់ នៅទូទាំង​ពិភពលោក កំពុងតែប្រើប្រាស់​កម្មវិធីទំនាក់ទំនង WhatsApp ជារៀងរាល់ថ្ងៃ ដើម្បីធ្វើការប្រាស្រ័យ​ទាក់ទងគ្នា​ជាប្រចាំ ជាមួយនិងក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិ​របស់ពួកគេ។ នេះបើតាម​ការដកស្រង់​សេចក្តីប្រកាស ចេញពីគេហទំព័ររបស់ WhatsApp ផ្ទាល់ នៅព្រឹក​ថ្ងៃ​សុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។

ក្រៅពីនេះ WhatsApp មានចំនួនអ្នកប្រើប្រាស់​សកម្មក្នុងមួយខែៗ​ប្រមាណ ១.៣ពាន់លាននាក់ ហើយជាងរៀង​រាល់ថ្ងៃ សារចំនួន៥៥ពាន់លានសារ, រូបថតចំនួន៤.៥ពាន់លានសន្លឹក, និងវីដេអូប្រមាណ១ពាន់លានឃ្លីប ត្រូវបានចែករំលែកនៅ​លើកម្មវីធីទំនាក់ទំនង​សង្គមនេះ ដែលអាចប្រើប្រាស់​នៅ​ក្នុងភាសាចំនួន​ដល់ទៅ ៦០បានយ៉ាងងាយស្រួល។

គួរបញ្ជាក់ថា គិតត្រឹមចុង​ខែមិថុនាកន្លងទៅ កម្មវិធី WhatsApp មានចំនួនអ្នក​ប្រើប្រាស់ស្មើនឹង​ពាក់កណ្តាល នៃចំនួនអ្នកប្រើប្រាស់​សកម្មក្នុង​មួយខែៗ ​ពីរ​ពាន់​លាន​នាក់​របស់ Facebook ដែលបានធ្វើការ​ទិញយក​ក្រុមហ៊ុននេះ កាលពី​ខែកុម្ភៈ ឆ្នាំ២០១៤ ក្នុងតម្លៃ​១៩ពាន់លានដុល្លារ៕