(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោកស្រី Tomomi Inada បានលាលែងពីមុខតំណែងហើយ នៅថ្ងៃសុក្រនេះ បន្ទាប់ពីមានភាពចម្រូងចម្រាស់ ពាក់ព័ន្ធនឹងការព្យាយាមលាក់បាំង របាយការណ៍កងទ័ព។ ការលាលែងពីតំណែងនេះ នឹងផ្ដល់សម្ពាធកាន់តែធ្ងន់ដល់នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីន ហ្សូអាបេ ដែលកំពុងជាប់ផុងស្រាប់ក្នុងរឿងអាស្រូវប្រើឥទ្ធិពលជួយ មិត្តភក្តិរបស់ខ្លួនក្នុងការរកស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម NHK លោកស្រី Tomomi Inada មានអាយុ៥៨ឆ្នាំ បានដាក់លិខិតលាលែងពីមុខតំណែងទៅកាន់លោកអាបេ នៅថ្ងៃសុក្រនេះ មុននឹងការបង្កើតការិយាល័យថ្មីមួយនៅសប្ដាហ៍ ក្រោយនេះ។ លោកស្រី Inada ដែលជាមនុស្សមានគំនិតជាតិនិយមដូចលោកអាបេ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិកាលពីខែសីហា ឆ្នាំ២០១៦ ស្របពេលលោកស្រីត្រូវបានគេចាត់ ទុកថាជាបេក្ខជនដ៏មានសក្ដានុពលម្នាក់សម្រាប់តំណែងជានាយករដ្ឋមន្ត្រី។ ប៉ុន្តែក្នុងរយៈពេលជិតមួយឆ្នាំមកនេះ លោកស្រីបានប្រឈមមុខនឹងរឿងអាស្រូវជាច្រើន ហើយចុងក្រោយនេះ គឺលោកស្រីកំពុងប្រឈមមុខនឹងការចោទប្រកាន់ថាបានបិទបាំងរបាយការណ៍កងទ័ពជប៉ុន ដែលចូលរួមជាមួយកងកម្លាំងរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូងក្រោមលក្ខខណ្ឌសន្តិសុខ ដ៏អាក្រក់។

តែយ៉ាងណាក៏ដោយ លោកស្រី Inada បានបដិសេធការចោទប្រកាន់ទំាងនេះ ដោយអះអាងថាលោកស្រីមិនដែលបានបិទបាំងរបាយការណ៍កងទ័ព​ឡើយ។ លោកស្រី Inada ​នឹងត្រូវបាន ជំនួសតំណែងដោយរដ្ឋមន្ត្រីការបរទេស Fumio Kishida៕