(ការ៉ាកាស់)៖ អគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡា បានប្រកាសឲ្យដឹងថាមនុស្សយ៉ាងហោចណាស់ចំនួន១០៥នាក់ បានបាត់បង់អាយុជីវិត ក្នុងអំឡុងការធ្វើ​បាតុ​កម្មជាបន្តបន្ទាប់ ដែលបានផ្ទុះឡើងនៅប្រទេសអាមេរិកឡាទីន ចាប់តាំងពីដើមខែមេសាមកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌​មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងរឿងនេះ ភាគីទាំងសងខាងគឺរដ្ឋាភិបាលនិងបក្សប្រឆាំង (MUD) បានទម្លាក់កំហុសលើគ្នាទៅវិញទៅមក សម្រាប់ការស្លាប់ទាំងនេះ ដោយ​រដ្ឋាភិបាលវេណេស៊ុយអេឡា បានចោទប្រកាន់ MUD ថាបានទៅជួលពួកឧក្រិដ្ឋជនបាតផ្សារ ឲ្យដើរបង្កភាពចលាចលនិងអំពើហិង្សា ខណៈគណបក្ស​ប្រឆាំងបានចង្អុលមុខក្រុមមន្រ្តីប៉ូលិស និងកម្លាំងយោធាក្រោមការបង្គាប់របស់រដ្ឋាភិបាលថា ជាអ្នកបង្កហេតុ។

គួរបញ្ជាក់ថា ការធ្វើបាតុកម្មដ៏កក្រើកទាំងអស់នេះប្រឆាំងរដ្ឋាភិបាល ក្រោមការអំពាវនាវពី MUD កាលពីជិតបួនខែមុន បាននិងកំពុងតែធ្វើឡើង ក្នុង​គោលបំណងទាមទារឲ្យមានការបោះឆ្នោតជ្រើស មេដឹកនាំថ្មីមុនពេលកំណត់, ទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយនានា, និងបញ្ឈប់​ការប៉ុនប៉ងរបស់រដ្ឋាភិបាលលោក Nicolas Maduro ដែលចង់កែប្រែរដ្ឋធម្មនុញ្ញឡើងវិញ តាមរយៈការបង្កើតសភាធម្មនុញ្ញ ANC៕