(វ៉ាស៊ីនតោន)៖ ក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក នឹងផ្តល់ការគាំទ្រតែចំពោះក្រុមប្រដាប់អាវុធទាំងឡាយណា ដែលមានបំណង់ប្រយុទ្ធ​​ប្រឆាំងនឹងពួកភេរវករ ISIS នៅក្នុងប្រទេសស៊ីរីប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងប្រាប់ស្ថានីយទូរទស្សន៍​ CNN លោក Ryan Dillon អ្នកនាំពាក្យក្រុមចម្រុះអន្តរជាតិ បានឲ្យដឹងថាក្រុមចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក ប្រឆាំង​ពួក ISIS នឹងផ្តល់ការជួយជ្រោម ជ្រែងចំពោះតែក្រុមទាំងឡាយណា ដែលមានបំណងប្រយុទ្ធតទល់នឹងពួកភេរវករនេះប៉ុណ្ណោះ ជាជាងទៅតស៊ូប្រឆាំង​​ជាមួយរដ្ឋាភិបាលស៊ីរី ឬមួយក៏គោលដៅដទៃផ្សេងទៀត ដែលពុំមែនជា ISIS។

យោងតាមអ្នកនាំពាក្យរូបនេះ ក្រុមប្រដាប់អាវុធមួយដែលហៅខ្លួនឯងថា Shohada Al Quartyan បានឲ្យដឹងថាពួកគេប្រហែលចង់មានគោលដៅផ្សេង​ទៀត ក្រៅពីការកម្ចាត់ពួក ISIS។ លោក Dillon បានថ្លែងទៅកាន់ស្ថានីយទូរទស្សន៍អាមេរិកថា «ក្រុមចម្រុះអន្តរជាតិ បានបញ្ជាក់យ៉ាងច្បាស់ ទៅកាន់​ថ្នាក់ដឹកនាំរបស់ក្រុម Shohada Al Quartyan រួចហើយថាប្រសិនបើ ពួកគេជ្រើសរើសយកគោលដៅថ្មីផ្សេង សម្ព័ន្ធអន្តរជាតិនេះ នឹងលែងបន្តផ្តល់ការ​គាំទ្រសម្រាប់ប្រតិបត្តិការរបស់ពួកគេតទៀតហើយ»

គួរបញ្ជាក់ថា កាលពីដើមខែកក្កដានេះ មានសេចក្តីរាយការណ៍ ដែលយកតាមប្រភពពីមន្រ្តីរដ្ឋាភិបាលលោក ដូណាល់ ត្រាំ និងសភាអាមេរិកថា យុទ្ធសាស្រ្តថ្មី របស់សហរដ្ឋអាមេរិកនៅក្នុង ប្រទេសស៊ីរី នឹងមិនរួមបញ្ចូលការទម្លាក់ប្រធានាធិបតីស៊ីរី ដែលកំពុងកាន់អំណាច លោក អាល់ អាស្សាដ ជា​លក្ខ​ខណ្ឌតទៀតឡើយ ហើយវានឹងអនុញ្ញាតឲ្យការបង្កើនកិច្ចសហប្រតិបត្តិ កាន់តែជិតស្និទ្ធជាមូយប្រទេសរុស្ស៊ី។ ម៉្យាងវិញទៀត កាលពីអំឡុងដំណើរទស្សន​កិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉ារីសដើម្បីជួបពិភាក្សាជាមួយសមភាគីបារាំងលោក ដូណាល់ ត្រាំ ប្រទេសដែលជាសមាជិកនៃក្រុមចម្រុះ​អន្តរជាតិផងដែរនោះ ក៏បានផ្លាស់ប្តូរជំហររបស់ខ្លួននៅក្នុងប្រទេសស៊ីរីដូចគ្នា ហើយនឹងមិនបន្តទទូចឲ្យមានការចាកចេញពីតំណែង របស់លោក អាស្សាដ​ ទៀតនោះទេ ដោយនឹងផ្តោតសំខាន់ទៅលើការកម្ចាត់ក្រុមភេរវករវិញ។

គួរជម្រាបបន្ថែមថា ជម្លោះប្រដាប់អាវុធនៅស៊ីរីបានបន្តអូសបន្លាយចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ ហើយកងទ័ពរដ្ឋាភិបាលស៊ីរី កំពុងតែប្រយុទ្ធតទល់នឹង​ពួកឧទ្ទាមប្រដាប់អាវុធក៏ដូចជា ក្រុមភេរវករ ខណៈប្រទេសរុស្ស៊ី បាននិងកំពុងតែបន្តបំពេញប្រតិបត្តិការប្រឆាំងនឹងក្រុម ISIS នៅស៊ីរីចាប់តាំងពីឆ្នាំ​២០១៥មក តបតាមការស្នើសុំពីទីក្រុងដាម៉ាស៕