(ប៉ារីស)៖ ទីភ្នាក់ងារចារកម្មរុស្ស៊ី បានព្យាយាមស៊ើបការលើក្រុមយុទ្ធនាការឃោសនាបោះឆ្នោត របស់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង កាលពីដើមឆ្នាំ២០១៧ តាមរយៈការបង្កើតគណនី Facebook ក្លែងក្លាយជាច្រើន។ នេះបើតាមសមាជិកសភាអាមេរិកម្នាក់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។

សមាជិកសភាអាមេរិករូបនេះបានបញ្ជាក់ថាគណនី Facebook ក្លែងក្លាយជាច្រើន ត្រូវបានគេបង្កើតដើម្បីតាមដានក្រុមយុទ្ធនាការឃោនាបោះឆ្នោតរបស់លោក ម៉ាក្រុង និងមន្ត្រីជំនិតស្និទ នឹងលោកជាច្រើននាក់ ខណៈទីក្រុងមូស្គូ ធ្លាប់បានបង្ហាញពីចេតចង់ឱ្យអតីតបេក្ខជនប្រធានាធិបតីបារាំងលោកស្រី ម៉ារីន ឡឺប៉ែន ឈ្នះឆ្នោត តែនៅចុងបញ្ចប់លោកម៉ាក្រុង នៅតែជាប់ឆ្នោត ជាប្រធានាធិបតីបារាំង ដោយទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដីកាលពីខែឧសភា។ «ទីភ្នាក់ងារចារកម្មរុស្ស៊ី បានបង្កើតគណនី Facebook ក្លែងក្លាយជាច្រើន ក្នុងគោលបំណងប្រមូល ព័ត៌មានពីក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ម៉ាក្រុង នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង»។ នេះបើតាមសមាជិកសភាអាមេរិកដដែល ថ្លែងប្រាប់ Reuters នៅ ក្នុងលក្ខខណ្ឌមិនបញេ្ចញអត្តសញ្ញាណ។ យ៉ាងណាក៏ដោយ ទីក្រុងមូស្គូ បានបដិសេធជាច្រើនដងថាខ្លួនមិនដែលបានលូកដៃក្នុងកិច្ចការផ្ទៃក្នុងនៃបណ្ដាប្រទេសដទៃនោះទេ រួមទាំងបារាំង ផងដែរ។

គួរបញ្ជាក់ថា ការទម្លាយព័ត៌មាននេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលបារាំងលោក ម៉ាក្រុង និយាយថាការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីពីសំណាក់សហរដ្ឋអាមេរិក គឺផ្ទុយទៅនឹង ច្បាប់អន្តរជាតិ ក៏ដូចជានឹងបង្កផលប៉ះពាល់ដល់បណ្ដាក្រុមហ៊ុនអឺរ៉ុប៕