(តូក្យូ)៖ មេដឹកនាំគណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន លោកសី្រ Renho បានប្រកាសពី​ការសម្រេចចិត្ត​របស់លោកស្រី ក្នុងការចុះចេញពីតំណែងជាប្រធានគណបក្សប្រឆាំង ដ៏ធំបំផុតនៅក្នុងប្រទេសជប៉ុនមួយនេះហើយ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។

លោកស្រី Renho នៅក្នុងសេចក្ដី​ថ្លែងការណ៍​បាននិយាយថា លោកស្រីកំពុងគិតគូរថា តើធ្វើសកម្មភាព​របៀបណា ទើបអាចធ្វើឱ្យប្រជាជន​ជប៉ុន​មានទំនុកចិត្តលើ គណបក្សប្រជាធិបតេយ្យ​របស់លោកស្រី។ លោកស្រី Renho មានអាយុ៤៩ឆ្នាំ បានបញ្ជាក់ទៀតថា​ លោកស្រីគឺជា​អ្នកសម្រេចចិត្ត​ដោយខ្លួនឯង។

គួរបញ្ជាក់ថា ការលាលែងរបស់មេបក្សប្រឆាំងខាងលើនេះ បានកើតមានឡើងនាអំឡុងពេលដែល គណបក្ស​កាន់អំណាច LDP របស់លោក ស៊ីហ្សូ អាបេ បាននិងកំពុងធ្លាក់ចុះនូវប្រជាប្រិយភាពយ៉ាងគំហុកមិនធ្លាប់មាន ដោយសារតែរឿងអាស្រូវពាក់ព័ន្ធនឹងការប្រើប្រាស់អំណាច ជួយជ្រោមជ្រែងមិត្តភក្តិខ្លួនឯង ពីសំណាក់នាយករដ្ឋមន្ត្រី​​ជប៉ុនរូបនេះ ដែលជារឿងល្មើសច្បាប់៕