(វ៉ាស៊ីនតោន)៖ ប្រសិនបើកងនាវាចម្បាំងទាំង ២៧៥គ្រឿង របស់កងទ័ពជើងទឹកអាមេរិក មិនអាចឈានដល់គោលដៅកំណត់ របស់ក្រសួងការពារជាតិ​​​​ដែលមានចំនួន ៣៥៥គ្រឿងទេនោះ ទីក្រុងវ៉ាស៊ីនតោន​នឹងជំរុញ​កងទ័ពជើងទឹកប្រទេសចិន ឲ្យមានការយល់ឃើញថា ពួកគេអាចនឹងបង្កើន​ឥទ្ធិពលរបស់ខ្លួន​ឲ្យមានប្រៀបជាង​សហរដ្ឋអាមេរិក​បាន។ នេះបើតាម​លោក Roger Wicker អ្នកតំណាង​មកពីរដ្ឋ Mississippi ដកស្រង់សម្តី​ដោយ​សារ​ព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាកាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថា នឹងពង្រីកទំហំ​កងនាវាយោធា​អាមេរិក ឲ្យ​កើនឡើងដល់ ៣៥០គ្រឿង ដែលជាគោលដៅ​ស្របទៅនឹងការសន្និដ្ឋាន​ក្នុងរបាយការណ៍ របស់បណ្ណាល័យសភាអាមេរិក​កាលពីឆ្នាំ២០១៦ ដែលថា​ នាវា​សរុបចំនួន ៣៥៥គ្រឿង គឺចាំបាច់សម្រាប់​គោលដៅ​យុទ្ធសាស្រ្ត​សន្តិសុខជាតិ។

ក៏ប៉ុន្តែការផ្តល់​ហិរញ្ញវត្ថុដើម្បី​បង្កើនចំនួននាវា និងការធ្វើយ៉ាងដូច្នោះ​នៅក្នុងរយៈពេលកំណត់​ដ៏ឆាប់រហ័សមួយ កំពុង​បង្ក​ជា​​ឧប​សគ្គ​ធំៗ ​ដើម្បី​សម្រេច​គោល​ដៅ​​​នៃ​មហិច្ឆតា​​នេះ​​។ បើតាម​លោក Eric Labs នៃការិយាល័យថវិកាសភា (CBO) បានឲ្យដឹងថា នៅក្នុងអត្រា​នៃការសាង​សង់បច្ចុប្បន្ន កង​ទ័ព​ជើង​ទឹក​អាមេរិក នឹងអាចមាននាវា​យោធាចំនួន ៣៥០គ្រឿង រហូតយ៉ាង​ហោចណាស់​ដល់ឆ្នាំ២០៣៥។

ជាមួយគ្នានេះលោក Jerry Hendrix អ្នកជំនាញខាងវិស័យយោធាជើងទឹក បានគូសបញ្ជាក់ថា ការបណ្តាក់ទុន​វិនិយោគទ្រង់ទ្រាតធំ នៅក្នុងឧស្សាហកម្ម​ផលិត​នាវាអាមេរិក គឺចាំបាច់បំផុត​ក្នុងការផ្ញើសារ ទៅកាន់​មហាអំណាចពិភពលោក​ដទៃៗទៀត កុំឲ្យចង់សាកល្បង​ប្រកួតប្រជែងជា​មួយសហរដ្ឋអាមេ​រិក នៅក្នុងផ្ទៃសមុទ្រឲ្យសោះ។ ដោយឡែក បើបរាជ័យក្នុង​ការធ្វើដូច្នោះ នឹងជំរុញឲ្យ​បណ្តាប្រទេសមហាអំណាច​ពិភពលោក​ផ្សេងទៀត ដើរប្រាប់​ប្រទេសដទៃៗថា កងទ័ពអាមេរិក​មិនអាចពឹងផ្អែក​បាននោះឡើយ ដើម្បីធានា​ពីសុវត្ថិភាពផ្លូវទឹក​របស់ពួកគេ។

ម៉្យាងវិញទៀត យោងតាមវិទ្យាស្ថាន​ផ្នែកសន្តិសុខ និងវិស័យការពារជាតិ Royal United Services មានមូលដ្ឋាន​នៅចក្រភព​អង់គ្លេស ការពង្រីកទំហំកង​​នាវាយោធា​របស់សហរដ្ឋអាមេរិក ក៏កំពុងជំរុញ​ឲ្យប្រទេសដទៃៗ​ទៀត បង្កើនល្បឿន​ការផលិតនាវា​របស់ពួកគេ​ផងដែរ ដើម្បីតាម​ឲ្យទាន់ទីក្រុង​វ៉ាស៊ីន​តោន ដែលប្រការ​នេះនាំទៅ​រកការកើនឡើង នៃមហា​អំណាចលើផ្ទៃសមុទ្រ​កាន់តែច្រើនឡើង។ តួយ៉ាង កងទ័ពជើង​ទឹកចិន កំពុងតែខិតខំ​សម្រេច​​​មហិច្ឆតា​ក្នុងការបង្កើនចំនួន​នាវាចម្បាំង ឲ្យដល់ ៥០០គ្រឿង រួមមានទាំង​នាវាមុជទឹក, នាវាដឹក​យន្តហោះ​ចម្បាំង, នាវា​ចម្បាំង, និងនាវា​ពិឃាត​ជាដើម៕