(សេអ៊ូល)៖ កូរ៉េខាងជើង​នៅថ្ងៃព្រហស្បតិ៍នេះ នៅតែប្រកាន់​គោលជំហរដដែល ដោយជម្រុញឱ្យ​សហរដ្ឋអាមេរិក បញ្ចប់គោលនយោបាយ​ជាសត្រូវ​ប្រឆាំងទីក្រុង​ព្យុងយ៉ាង ខណៈកូរ៉េទំាង​ពីរ​ប្រារព្ធខួបលើក​ទី៦៤ នៃការបញ្ចប់​សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)។ ព្រមពេល​ជាមួយគ្នា របបកុម្មុយ​នីស្ដ​ឯកោមួយនេះ ក៏មិនទាន់​បានបង្ហាញពី​សញ្ញាណ​ធ្វើតេស្ដមីស៊ីល​ផ្លោង​នៅឡើយ​ដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។

ជាមួយគ្នានោះ​ដែរ​កាសែតរដ្ឋ​កូរ៉េខាងជើង Rodong Sinmun​ នៅក្នុង​បទអត្ថាធិប្បាយ​របស់ខ្លួនបាន​សរសេរថា ទីក្រុងវ៉ាស៊ីនតោន​មិនយល់នោះទេថា នុយក្លេអ៊ែរ និងមីស៊ីល​កូរ៉េខាងជើង បានកែប្រែស្ថានភាពយុទ្ធសាស្ត្រនៅលើឧបទ្វីបកូរ៉េ ដូចដែលបាន​បង្ហាញរួចហើយ​ តាមរយៈការបាញ់​សាកល្បង​មីស៊ីល​ផ្លោងឆ្លង​ទ្វីប ICBM ដោយជោគជ័យ​កាលពី​ដើម​ខែកន្លងទៅ។ «ដូច្នេះ​បច្ចុប្បន្នវា​មានជម្រើសតែ​មួយគត់​សម្រាប់​សហរដ្ឋអាមេរិក នោះ​គឺបោះបង់​ចោល​គោលនយោបាយ​អរិភាព​ប្រឆាំង​កូរ៉េខាងជើង ឬមួយក៏​ត្រូវលុតជង្គង់ និងសូមទោស​កងទ័ព និងប្រជាជន​កូរ៉េខាងជើង»។ នេះបើតាម Rodong Sinmun។

គួរបញ្ជាក់ថា គិតមកទល់​ពេលនេះ កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅតែស្ថិតក្នុង​ស្ថានភាពប្រកាស​សង្រ្គាមគ្រប់​ពេលវេលា ពីព្រោះបងប្អូន​បង្កើត​ទំាងពីរ បានព្រមព្រៀងគ្នា​ត្រឹមតែលើបទ​ឈប់បាញ់គ្នាតែប៉ុណ្ណោះ មិនមែនជា​សន្ធិសញ្ញាសន្តិភាព​ឡើយ៕