(វ៉ាស៊ីនតោន)៖ រដ្ឋបាល លោក ដូណាល់ ត្រាំ បានប្រកាសពី​ការដាក់ទណ្ឌកម្មទៅលើ មន្រ្តី​រដ្ឋាភិបាល​វេណេស៊ុយអេឡា​ចំនួន ១៣រូប ស្របពេល​ដែលទីក្រុង​​វ៉ាស៊ីនតោន បាននិងកំពុង​ព្យាយាម​រារាំង ប្រធានាធិបតី​នៃប្រទេសអាមេរិក​ឡាទីនមួយនេះ គឺលោក Nicolas Maduro មិនឲ្យ​បន្តអនុវត្តន៍​គម្រោង​របស់​ខ្លួន ដែលសំដៅ​ចង់កែប្រែរដ្ឋធម្មនុញ្ញ​ រប​ស់ប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មាន Bloomberg នៅព្រឹក​ថ្ងៃព្រ​ហស្បតិ៍ ទី​២៧ ខែកក្កដា ឆ្នាំ២០១៧។

ចំណាត់ការ​ប្រឆាំងនឹង​មន្រ្តីទាំង ១៣រូបខាងលើ គឺជាការដាក់​ទណ្ឌកម្មជុំទីបី​ហើយប្រឆាំងនឹង រដ្ឋាភិបាល​វេណេស៊ុយអេឡា ក្រោមរដ្ឋបាល​ដឹកនាំ ​លោក ដូណាល់ ត្រាំ ហើយស្ថិត​ក្នុងក្របខណ្ឌ​នៃការស៊ើប​អង្កេតមួយ របស់​សហរដ្ឋអាមេរិក ទៅលើរឿង​អាស្រូវពុករលួយ ដែលបានផ្ទុះឡើង​កាលពី​​ប៉ុន្មាន​ឆ្នាំ​មុនមកម្ល៉េះ។

បន្ថែមពីនេះ​ការដាក់ទណ្ឌកម្ម​របស់ទីក្រុងវ៉ាស៊ីនតោន​លើកនេះ ក៏ត្រូវបាន​ធ្វើឡើងក្នុង​គោលបំណង ធ្វើជា​សេចក្តីព្រមានមួយ ទៅកាន់សមាជិក​ទាំង​ឡាយផ្សេងទៀត នៃរដ្ឋាភិបាល​វេណេស៊ុយអេឡា នៅមុន​គម្រោងនៃការបង្កើត​សភាធម្មនុញ្ញ ដែលនឹងត្រូវបោះឆ្នោត​ជ្រើសរើស នាថ្ងៃអាទិត្យ​សប្តាហ៍​នេះ​ផងដែរ។ រដ្ឋមន្រ្តី​រតនាគារជាតិ​អាមេរិក​បានគំរាមថា ជនទាំង​ឡាយណា​ដែលក្លាយជា​សមាជិកនៃ​សភាថ្មីនេះ ដើម្បីរៀបចំរដ្ឋធម្មនុញ្ញថ្មីនោះ គួរ​តែដឹងឲ្យ​បានច្បាស់ថា ពួកគេនឹងត្រូវ​ប្រឈមមុខជាមួយ​ហានិភ័យ នៃការដាក់ទណ្ឌកម្ម​ផ្នែកហិរញ្ញវត្ថុ​ជាក់ជាមិនខានឡើយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក​បានព្រមាន​ខ្លាំងៗថា ខ្លួននឹងបន្ត​ប្រើវិធានការធ្ងន់ៗ​ថែមទៀត ប្រសិនបើលោក Maduro នៅតែបន្ត​អនុវត្តន៍គម្រោង​ក្នុង​ការសរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​របស់លោក ដែលបក្ស​ប្រឆាំង​វេណេស៊ុយអេឡា​បានចាត់ទុកថា គឺជាការប៉ុនប៉ង​ក្តោបក្តាប់​អំណាច ​ដោយមេដឹកនាំ​​រូប​នេះ។ ម៉្យាងវិញទៀត ការធ្វើបាតុកម្ម​បានផ្ទុះឡើង និងបន្តអូសបន្លាយ​អស់រយៈពេល​ជាច្រើនខែ ខណៈគូប្រជែង​របស់ លោក Maduro បានទាមទារឲ្យ​លោកបោះបង់ចោលគម្រោងនេះ។ រីឯប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ វិញ បានសន្យាថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច​កាន់តែតឹងរឹង​ថែម​ទៀតបើ ​លោក Maduro នៅតែហ៊ានរៀបចំ​ការបោះឆ្នោត ដើម្បីកែប្រែរដ្ឋធម្មនុញ្ញ។

ទោះជាបែប​នេះក្តី លោក​ប្រធានាធិបតី​វេណេស៊ុយអេឡា ហាក់បីដូចជាពុំញញើត ឬខ្វាយខ្វល់​ចំពោះ​ការគំរាមកំ​ហែង​របស់ លោក ត្រាំ ឡើយ ដោយ​​លោក Nicolas Maduro បានចោទជា​សំណួរក្រោយ​ការប្រកាសដាក់​ទណ្ឌកម្មនេះ​ថា «តើសហរដ្ឋអាមេរិក​មានការយល់ឃើញ​យ៉ាងដូចម្តេច... តើពួក​​គេគិតថា ខ្លួនជាគឺ​ជាអ្នកគ្រប់គ្រង ក៏ដូចជាដឹកនាំពិភពលោក​មួយទាំង​មូលឬ។ យើងមិនទទួល​ស្គាល់ ឬទទួលយក​ការដាក់ទណ្ឌកម្ម​នេះជា​ដាច់ខាត»