(ម៉ូស្គូ)៖ សមាជិកព្រឹទ្ធសភា​ជាន់ខ្ពស់​រុស្ស៊ីមួយរូបបាននិយាយថា ទីក្រុងម៉ូស្គូ​អាចនឹងប្រើប្រាស់​វិធានការសេដ្ឋកិច្ច និងនយោបាយ បើសិនជាព្រឹទ្ធសភា និងប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ យល់ព្រម​អនុម័តច្បាប់ដាក់​ទណ្ឌកម្ម​លើរុស្ស៊ី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។

នៅក្នុងបទសម្ភាសន៍​ជាមួយ Sputnik អនុប្រធានទីមួយ​នៃក្រុមប្រឹក្សា​កិច្ចការបរទេស​សហព័ន្ធរុស្ស៊ី លោក Vladimir Dzhabarov បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «យើងមាន​វិធានការ​ជាច្រើននៅក្នុងដៃ... ហើយយើង​នឹងចាត់វិធានការ​សេដ្ឋកិច្ច និងនយោបាយ បើសិនជា​ច្បាប់ដាក់​ទណ្ឌកម្ម​ប្រឆាំងរុស្ស៊ី ត្រូវបានគាំទ្រ​ដោយព្រឹទ្ធសភា និងលោក ដូណាល់ ត្រាំ»។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ​សភាអាមេរិក​បានអនុម័ត​ក្នុងសំឡេងគាំទ្រ ៤១៩ ទល់នឹង៣សំឡេង លើច្បាប់ដាក់ទណ្ឌកម្មថ្មី​មួយប្រឆាំងកូរ៉េខាងជើង រុស្ស៊ី និងអ៊ីរ៉ង់ ក៏ដូចជាកំណត់លទ្ធភាព មួយចំនួនរបស់លោក ដូណាល់ ត្រាំ ក្នុងការដកទណ្ឌកម្មពីទីក្រុងម៉ូស្គូ។ យ៉ាងណាក៏ដោយ ច្បាប់ថ្មីនេះត្រូវរង់ចាំការអនុម័តពីព្រឹទ្ធសភា និងចុះហត្ថលេខាពីលោក ត្រាំ ជាមុនសិន មុននឹង​ចូលជាធរមាន៕