(វ៉ាស៊ីនតោន)៖ ទោះបី​ជាមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពី​អាកប្បកិរិយា​គួរឲ្យព្រួយបារម្ភ​យ៉ាងណាក្តី តាមពិតលោក​បានធ្វើ​ការសម្រេចចិត្ត​ដោយមានហេតុផល​សាកសម ដើម្បីធានា​ឲ្យបាននូវភាព​ស្ថិតស្ថេរនៃរបបដឹកនាំ​របស់លោក។ នេះបើតាម​ការលើកឡើង​របស់​នាយក​ស៊ើបការណ៍​សម្ងាត់ជាតិ លោក Daniel Coats ដកស្រង់សម្តី​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។

លោក Daniel Coats បាន​ថ្លែងថា «លោក គីម ជុងអ៊ុន បានបង្ហាញ​អាកប្បកិរិយា​ជាសាធារណៈ ដែលបានបង្ក​ជាសំណួរ​ចោទសួរ និងការងឿងឆ្ងល់​​ជាច្រើនអំពី​អត្តសញ្ញាណ​ពិតប្រាកដ និងរបៀបគិតគូរ​ពិចារណា​របស់លោក ក៏ដូចជាការប្រព្រឹត្តរួម​ទាំងការប្រកាន់​អាប្បកិរិយា របស់ប្រមុខ​មេដឹក​នាំ​កំពូល​ផុតលេខ​កូរ៉េខាងជើងរូបនេះ»។ នាយកស៊ើបការណ៍​សម្ងាត់​អាមេរិក​បានបន្តថា «ការវាយតម្លៃ​យ៉ាងហ្មត់ចត់​របស់យើង បានបង្ហាញ​​​លទ្ធ​ផល​ជាក់ស្តែង​ឲ្យឃើញថា តាមពិត​ទៅ លោក គីម គឺជាប្រភេទ​មនុស្សដែល​មានអត្តចរិត​ខុសប្លែកពីគេខ្លាំង ក៏ប៉ុន្តែលោក​ពុំមានជាមនុស្សឡប់សតិ​​នោះឡើយ ព្រោះថា វាមានហេតុផល​សាកសមមួយ​ចំនួន នៅពីក្រោយ និងគាំទ្រដល់ទង្វើ​របស់មេដឹកនាំ​រដ្ឋកុម្មុយនិស្តរូបនេះ... គឺការចង់រស់រាន​​​មានជីវិតនៃរបបដឹកនាំ ក៏​ដូចជាប្រទេស​របស់លោក»

លោក Coats បាន​បន្ថែមទៀតថា ប្រមុខដឹកនាំ​កូរ៉េខាងជើង បានគិតគូរ​អំពីភាពស្ថិតស្ថេរ​នៃរបបដឹកនាំ និងប្រទេស​កូរ៉េខាងជើង នៅក្នុងការសម្រេច​​ចិត្តនានារបស់លោក។ ម៉្យាងវិញទៀត​មេដឹកនាំផ្តាច់ការ​រូបនេះ ដឹងច្បាស់​អំពីឥទ្ធិពល ក៏ដូចជារិទ្ធិអំណាច នៃការមានអាវុធនុយក្លេអ៊ែរ​នៅ​ក្នុងដៃ។

កាលពីថ្ងៃទី០៤ ខែកក្កដា ទីក្រុងព្យុងយ៉ាងបានប្រកាសថា ខ្លួនបានធ្វើតេស្ត​បាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប​ចំនួនមួយគ្រាប់ ដោយជោគជ័យ​​ជាលើកដំបូងបំផុត ហើយទីក្រុងវ៉ាស៊ីនតោន​ក៏បានទទួលស្គាល់ថា ការធ្វើតេស្តនេះ​គឺជាជោគជ័យលើកទីមួយ​របស់កូរ៉េខាងជើង ក្នុងការបាញ់​​​មីស៊ីល​ផ្លោង​ប្រភេទ ICBM នេះផងដែរ៕