(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងថា ពុំមាន​គោលការណ៍​មូលដ្ឋានច្បាប់ត្រឹមត្រូវ​ណាមួយ សម្រាប់​បណ្តា​​មូល​ដ្ឋាន​យោ​ធា​របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេស​ស៊ីរី​នោះឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។

ឆ្លើយតបទៅនឹង​ការធ្វើអត្ថាធិប្បាយរបស់ នាយក​ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់​​អាមេរិក CIA លោក Mike Pompeo ដែលបានអះអាង​ថា វត្តមាន​របស់រុស្ស៊ីនៅស៊ីរី គឺដោយសារ​តែ​ទីក្រុងម៉ូស្គូ​ចង់ផ្ចាញ់ផ្ចាលទីក្រុងវ៉ាស៊ីនតោន​នោះ លោក Lavrov បានគូស​បញ្ជាក់​វិញថា លោកបាន​ទទួល​ដំណឹង​​ថា​ សព្វថ្ងៃនេះ​មានមូលដ្ឋានទ័ព​ចំនួន ១០កន្លែង របស់​សហរដ្ឋអាមេរិក ដែលស្ថិត​ក្នុង​ប្រទេសស៊ីរី។

លោករដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ីបាន​ថ្លែងថា «ភាពខុសគ្នា​ដ៏ធំនោះគឺថា យើងមិនលាក់បាំង​អំពីមូលដ្ឋានយោធា​តែពីរកន្លែង​របស់យើង​នោះឡើយ។ ពួកវាត្រូវ​បានបង្កើតឡើង ដោយឈរ​លើគោលការណ៍​មូលដ្ឋាន នៃកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ហើយមាន​តួនាទីដើម្បី​ជួយជ្រោមជ្រែង​ក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹង​ក្រុមភេរវករ»

លោក Lavrov បានបញ្ជាក់ថា លោកមិនមានបញ្ហានោះឡើយ ចំពោះវត្តមានរបស់​មូលដ្ឋានទ័ព​អាមេរិកនៅស៊ីរី ក៏ប៉ុន្តែពួកវាគួរ​តែស្ថិតនៅលើទឹកដី​​នៃប្រទេសតំបន់​មជ្ឈិមបូព៌ា​មួយនេះ ដោយស្របច្បាប់។ លោក Lavrov បាននិយាយ​ដូច្នេះថា «ខ្ញុំមិនប្រកាន់​ចំពោះមូលដ្ឋាន​យោធា​អាមេរិក នៅ​ស៊ីរី​នោះឡើយ​ដរាប​ណាសហរដ្ឋអាមេរិក​ គូសបញ្ជាក់ម្តងទៀត​ក៏ដូចជាទទួលស្គាល់​ពីវត្តមាន​មិនស្របច្បាប់​របស់ពួកគេ នៅ​ក្នុង​ដែន​ដី​របស់​​ប្រទេស​​ស៊ីរី​​ព្រោះថា មិនដូចពួកយើងឡើយ ពួកគេមិនត្រូវ​បានអញ្ជើញ​ដោយរដ្ឋាភិបាល​ស៊ីរី​នោះទេ»

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ​​សប្តាហ៍នេះ ទីភ្នាក់ងារ​ព័ត៌មាន​តួកគី Anadolu បានចេញផ្សាយ​​សេចក្តីរាយការណ៍​មួយ​ដែលបញ្ជាក់ពី ទីតាំង​នៃ​មូល​ដ្ឋាន​​​យោ​ធា​​ចំនួន ១០កន្លែង របស់សហរដ្ឋអាមេរិក នៅភាគខាងជើង​​ប្រទេសស៊ីរី ហើយថែម​​ទាំងបានឲ្យ​ដឹង​លម្អិតអំពីចំនួន​ពលទាហាន​​ទៀតផង។ ជុំវិញការ​បញ្ចេញព័ត៌មានដ៏​សំខាន់បែបនេះ ក្រសួងការពារជាតិ​​អាមេរិក​បាន​លើកឡើងថា ការចេញផ្សាយ​​ដោយទីភ្នាក់ងារ​ព័ត៌មាន​​រដ្ឋតួកគី ស្តីពី​ទីតាំង​​នៃ​មូល​ដ្ឋាន​យោ​ធា​​​របស់​​សហ​រដ្ឋ​អា​មេ​រិក នៅ​ក្នុង​ប្រទេស​​ស៊ីរីនោះ​​អាចធ្វើ​ឲ្យ​កងទ័ពអាមេរិក​ស្ថិតក្រោម​ភាពគ្រោះថ្នាក់​ធ្ងន់ធ្ងរ​បាន៕