(វ៉ាស៊ីនតោន)៖ មូលនិធិរុស្ស៊ីសម្រាប់ការស្រាវជ្រាវ ឬហៅកាត់ថា FPI​ បាននិយាយថា ខ្លួនបានដាក់តាំង​បង្ហាញជាលើកដំបូង នូវយន្ដហោះចម្បាំងជំនាន់ទី០៥ T-50 (PAK FA) ដែលត្រូវ​បានរចនាឡើង ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសមត្ថភាព និងសុវត្ថិភាពហោះហើរ របស់​កងកម្លាំងទ័ព​អាកាសរុស្ស៊ី។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។

FPI​ នៅក្នុង​បទសម្ភាសន៍ជាមួយ Sputnik បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «​សម្រាប់ EPI វាគឺជាលើកដំបូង​ដែលបានដាក់​តាំង​បង្ហាញ​យន្ដហោះចម្បាំងជំនាន់ទី០៥ Sukhoi T-50 (PAK FA) នៅឯពិធីតាំងពិព័ត៌មានយន្ដហោះចម្បាំង MAKS-2017 ... T-50 (PAK FA) គឺជាប្រភេទយន្ដហោះដ៏អស្ចារ្យ មានសមត្ថភាព​ហោះហើរ​នៅរយៈកំពស់​ខ្ពស់បំផុតមួយ និងល្បឿលឿន​ដល់​ទៅ ២,៦០០​គីឡូម៉ែត្រ​ក្នុងម៉ោង ព្រមទំាងត្រូវ​បានបំពាក់​ដោយបរិក្ខាយោធា​ទំនើប​ចុងក្រោយបំផុត និងប្រព័ន្ធរ៉ាដា... ហើយមិនតែប៉ុណ្ណោះ វាក៏មានមុខងារ​ជាច្រើនក្នុង​វាយប្រហារ​ ទៅលើ​គោលដៅសត្រូវផងដែរ»។

គួរបញ្ជាក់ថា បើតាមក្រសួង​ការពាររុស្ស៊ី កងកម្លាំងទ័ព​អាកាសរុស្ស៊ី អាចនឹងទទួល​បានយន្ដហោះ​ចម្បាំង T-50 (PAK FA)​ យ៉ាងយូរ​នៅឆ្នាំ២០១៩៕