(ហាណូយ)៖ ចំនួនមនុស្ស​បាត់បង់ជីវិត​បានកើនដល់ ០៨នាក់ហើយ និងបួននាក់​ផ្សេងទៀត​នៅបន្តបាត់ខ្លួន​នៅឡើយ បន្ទាប់ពីព្យុះ​ត្រូពិក Talas ​បាន​វាយលុក​លើ​បណ្តាខេត្តភាគកណ្តាល​ប្រទេសវៀតណាម កាលពីដើមសប្តាហ៍នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម​គណៈកម្មាធិកា​រ​មជ្ឈិម​ទទួលបន្ទុក​ទប់ស្កាត់ និងគ្រប់គ្រង​​គ្រោះមហន្តរាយ​វៀតណាម ព្យុះកំណាចខាង​លើ​​បានបណ្តាល​ឲ្យ ​ផ្ទះ​សម្បែង​​សរុប​ចំនួន ​១៧៥ខ្នងដួលរលំ និងជិត ៦,២០០ខ្នង​រង​ការខូចខាត។ ជាងនេះ​ទៅទៀត​វាបានបង្កឲ្យ​​កប៉ាល់ និង​ទូក​នេ​សាទ​​ចំនួន ៥៧គ្រឿង​លិច​លង់​។ ជាមួយគ្នានេះ​​ព្យុះត្រូពិក Talas ក៏បាន​បំផ្លិច​បំផ្លាញ​​ផ្ទៃដី​ស្រែ និងចម្ការ​ជិត ៥០,០០០ហិកតា​ថែមទៀតផង ហើយ​បង្ក​ការ​ខូច​ខាត​​ដល់​ផ្លូវ​ថ្នល់ ​និង​ស្ពាន​ជា​ច្រើន​ខ្សែ​ថែម​ទៀត​​ផង។

គួរបញ្ជាក់ថា នៅក្នុងអំឡុង​​ពេល ០៦ខែដំបូងនៃឆ្នាំ២០១៧នេះ គ្រោះមហន្តរាយធម្មជាតិ​​នៅក្នុងប្រទេស​វៀតណាម​បានផ្តាច់ជីវិត និង​ធ្វើ​ឲ្យ​មនុស្ស​​​​បាត់ខ្លួន​​សរុប ២៧នាក់, បង្ករបួស​ស្នាម ៣០នាក់, ធ្វើឲ្យខូចខាត​ផ្ទះសម្បែង ៥,៩០០ខ្នង, និងបំផ្លិចបំផ្លាញ​ផ្ទៃដី​ដាំ​​ដុះ​ប្រមាណ ១១,៤០០ហិកតា ហើយបង្ក​ជាការខាតបង់​ផ្នែកហិរញ្ញវត្ថុ​ គិតជាទឹកប្រាក់សរុបជាង ៤៣៣ពាន់​ពាន់លានដុង ឬ ១៩.២លានដុល្លារ​អាមេរិក។ នេះបើ​តាមការិយាល័យ​​ស្ថិតិទូទៅ​​របស់​​វៀតណាម៕