(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកអាមេរិក​នៃគណបក្ស​សាធារណៈរដ្ឋ លោក John McCain ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ និងរកឃើញថា លោកមានជំងឺមហារីកខួរក្បាល​ស្ថិតនៅក្នុងតំណាក់​កាល​ដ៏គ្រោះថ្នាក់មួយផងដែរ។ នេះបើតាម​សេចក្ដី​ថ្លែងការណ៍​របស់មន្ទីរពេទ្យ​ ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។

លោក John McCain មានអាយុច្រើនរហូតដល់ ៨០ឆ្នាំទៅហើយនោះ ត្រូវបាន​ក្រុមគ្រូពេទ្យ​បញ្ជាក់ថា មានដុះដុំសាច់​នៅក្នុង​ខួរក្បាល បន្ទាប់ពីលោក​បានទទួលការវះកាត់​ យកកំណក​ឈាម​ចេញពី​ភ្នែកខាងឆ្វេង នៅឯមន្ទីរពេទ្យក្នុង​ទីក្រុង Phoenix កាលពី​ថ្ងៃសុក្រសប្ដាហ៍​មុន។ មន្ទីរពេទ្យ Mayo Clinic នៅក្នុង​សេក្ដីថ្លែងការណ៍​របស់ខ្លួន បានឱ្យដឹងយ៉ាងដូច្នេះថា «យោងតាម​ការធ្វើរោគវិនិច្ឆ័យ​បង្ហាញថា មានដុំសាច់​ដុះក្នុងខួរក្បាល​មួយផ្នែក ដែលគេស្គាល់ថា G​lioblastoma​ មានជាប់​ពាក់ព័ន្ធនឹង​កំណកឈាម... ហើយលោក John McCain និង​ក្រុមគ្រួសារ កំពុងពិនិត្យ​លើវិធីសាស្ត្រ​ព្យាបាល តាមរយៈ​វេជ្ជសាស្រ្ត​គីមី ឬក៏វិទ្យុ​សកម្ម។

គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍​មួយផ្សេងទៀត នៃការិយាល័យ​លោក McCain​ ព្រឹទ្ធសមាជិក​រូបនេះមាន​ស្ថានភាពល្អ ក្រោយទទួលការវះកាត់​យកកំណកឈាមចេញពី​ភ្នែកខាងឆ្វេង កាលពីថ្ងៃសុក្រ ហើយលោក​មានទំនុកចិត្តថា ការព្យាបាលនៅ​ពេលខាងមុខនឹង​មានប្រសិទ្ធភាព៕ ​