(សេអ៊ូល)៖ ដោយមិន​និយាយពីឈ្មោះចិន កូរ៉េខាងជើង​នៅថ្ងៃពុធនេះ បានគូសបញ្ជាក់​ពីទំនាក់ទំនងមិត្តភាព​ជាមួយរុស្ស៊ី នាឱកាសប្រារព្ធ​ខួប​លើកទី១៧ នៃសេចក្ដី​ប្រកាស​រួមស្ដីពី កិច្ចសហប្រតិបត្តិការ និងការផ្សះផ្សារ​វាងប្រទេស​ជិតខាងទំាងពីរ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅល្ងាចថ្ងៃពុធ ទៅ១៩ ខែកក្កដា ឆ្នាំ២០១៧។

ការប្រារព្ធ​ខួបនេះ ធ្វើឡើងនៅចំ​ពេលទំនាក់ទំនង​រវាង​ទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំង ហាក់ដូចជា​រង្គោះរង្គើ ក្រោយចិន​សម្រេចចិត្តផ្អាក​ការនាំចូលធ្យូងថ្ម​ពីកូរ៉េខាងជើង នៅក្នុងក្រោមក្រប​ខណ្ឌ​នៃការអនុវត្តន៍​ដំណោះស្រាយ​ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ ជាងនេះទៅទៀត មួយ​រយៈពេល​ចុងក្រោយនេះ គេសង្កេតឃើញថា ទីក្រុងព្យុងយ៉ាង​កាន់តែស្និទ្ធនឹងរុស្ស៊ី រីឯទីក្រុងម៉ូស្គូ តែងតែ​ចេញមុខ​ឈឺឆ្អាល និងការពារកូរ៉េខាងជើ​ងជារឿយៗ​ នៅក្នុងកិច្ចប្រជុំក្រុម​ប្រឹក្សា​សនិ្តសុខ។

មិនតែប៉ុណ្ណោះ​នាពេលថ្មីៗនេះ អ្នកជិតខាងទាំងពីរថែមទំាង​បានបង្ហាញពី​គំរោងបើក​សេវាកម្មទេសចរណ៍​ភា្ជប់ពីទីក្រុង Rajin ទៅកាន់​ទីក្រុង Vladivostok របស់រុស្ស៊ី​ដែលទើបតែបាន​បញ្ជូនជំនួយ​ជាម្សៅអាហារជាង ៥,២០០តោន ទៅកាន់កូរ៉េខាងជើងផងដែរ។ ដោយឡែក​ទាក់ទិននឹងផ្លាស់ប្ដូរ​នេះដែរ សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង Rodong Sinmun នៅក្នុង​បទអត្ថាធិប្បាយ​មួយ បានហៅកិច្ច​ព្រមព្រៀង​រវាង​កូរ៉េខាងជើង និងរុស្ស៊ី​គឺជាឯកសារ ប្រវត្តិសាស្ត្រ​មួយបើកផ្លូវឱ្យ​ប្រទេសទំាងពីរ​ បង្កើតទំនាក់ទំនង​មិត្តភាព​ជាមួយនឹងគ្នា។ «ទំនាក់ទំនង​ដ៏ជិតស្និតរវាង​កូរ៉េខាងជើង និងរុស្ស៊ី នឹងជួយ​ការពារសន្តិភាព​ពិភពលោក​ទំាងមូល មិនមែន​ត្រឹមតែ​ប្រទេសទំាងពីរ និងនៅក្នុងតំបន់​តែប៉ុណ្ណោះទេ»។ នេះបើតាម Rodong Sinmun។

គួរបញ្ជាក់ថា កូរ៉េខាងជើង និងចិន កាលពីថ្ងៃទី១១ ខែកក្កដា មិនបានប្រារព្ធ ឬក៏រៀបចំពិធី​រំលឹកខួប​លើកទី៥៦ នៃការចុះកិច្ច​ព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​របស់ពួកគេ​ឡើយ៕