(អ៊ីរ៉ាក់)៖​ ប្រធាន​ទីភ្នាក់ងារ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​ នៃកងកម្លាំងឃើដ លោក Lahur Talabany បាន​និយាយថា លោកប្រាកដ​នៅក្នុងចិត្ត ៩៩ភាគរយថា មេដឹកនាំ​កំពូល ISIS លោក Abu Bakr al-Baghdadi នៅមានជីវិត​នៅឡើយ​ និងកំពុង​សម្ងំលាក់ខ្លួន​នៅភាគខាងត្បូង​ទីក្រុង Raqqa​ ប្រទេស​ស៊ីរី។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។

កាលពីសប្ដាហ៍មុន ក្រុមអង្គការឃ្លាំមើល​សិទ្ធិមនុស្សស៊ីរីបានឱ្យដឹងថា ​ពួកគេបានទទួល​ព័ត៌មានថា Abu Bakr al-Baghdadi បានស្លាប់​បាត់ជីវិត ខណៈប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងស៊ីរី ក៏បានទទួល​ស្គាល់​ព័ត៌មាន​នេះដែរ។ ប៉ុន្តែ​សហរដ្ឋអាមេរិក​មិនបានជឿជាក់​លើការអះអាងនេះឡើយ។ ដោយឡែក​មិនខុសពី​ទីក្រុង​វ៉ាស៊ីនតោន ថ្លែងនៅក្នុង​បទសម្ភាសន៍ជាមួយ R​euters នៅ​ថ្ងៃចន្ទ លោក Lahur Talabany បានគូស​បញ្ជាក់យ៉ាង​ដូច្នេះ​ថា «​Baghdadi ពិតជានៅមាន​ជីវិតនៅឡើយ។ ជនរូបនេះ​មិនទាន់​ស្លាប់ទេ ហើយយើង​មានព័ត៌មាន​បង្ហាញថា ​រូបគេនៅ​មានជីវិត។ យើងប្រាកដ ៩៩ភាគរយថា មេភេរវករ​រូបនេះ​នៅរស់...​ ម្យ៉ាងវិញទៀត​កុំភ្លេច​ឱ្យសោះ Baghdadi គឺជា​ឬសគល់​របស់ពួក​អាល់កៃដា និងបានរត់​គេចខ្លួនជា​ច្រើនដង​ពីក្រុមមន្ត្រី​សន្តិសុខ។ គាត់ដឹងថា តើអ្វីដែល​គាត់​កំពុងធ្វើ»

គួរបញ្ជាក់ថា នាពេល​ថ្មីៗនេះ​កងកម្លាំង​រដ្ឋាភិបាលអ៊ីរ៉ាក់ ទើបតែ​បានទទួលជោគជ័យ​ ដោយបាន​វាយដណ្ដើម​យក​ទីក្រុងម៉ូស៊ុល​ពីពួក ISIS​ មកវិញ បន្ទាប់ពីពួកវា​បានគ្រប់គ្រង​អស់រយៈ​ពេលជាង ០៣ឆ្នាំមកនេះ ប៉ុន្តែបើតាម លោក Lahur Talabany គេត្រូវ​ចំណាយពេល ០៣ទៅ០៤ឆ្នាំទៀត ដើម្បីបោសសំអាត​ពួកភេរវករមួយ​នេះឲ្យអស់តែម្តង៕